នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)ចុះបង្ក្រាប មុខសញ្ញាជួញដូរថ្នាំញៀនត្រូវជនសង្ស័យបាញ់គំរាម៥គ្រាប់
ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) តាមបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតមានការផ្ទុះអាវុធ តដៃគ្នាជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទាំងកណ្ដាលយប់ សំណាងមិនមានអ្នករងរបួស
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះទី១ ៖ មានឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំ, និងទី២ ៖ ឈ្មោះ មាស សិលា ហៅសីលា ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំងពីរស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានពីកម្លាំងនគរបាលការិយល័យមន្ទីរគ្រឿងញៀន(ក៦)បានឲ្យដឹងថា មុនកើតហេតុ គឺកម្លាំងសមត្ថកិច្ចបានតាមមុខសញ្ញាដែលជាជនសង្ស័យខាងលើចេញពីម្តុំពេទ្យលោកសង្ឃ នូវពេលកំពុងតាមក្រុមជនសង្ស័យបានដឹងខ្លូនក៏ជិះម៉ូតូគេចពីកម្លាំងជំនាញតាមបណ្ដោយផ្លូវ៥៩៨ រួចបត់មកផ្សារមាន់អាំង រហូតដល់ផ្ទះជនសង្ស័យទើបពួកគេបានបត់ម៉ូតូចូលក្នុងផ្ទះ ខណៈនោះជនដៃដល់ក៏បានដកកាំភ្លើងខ្លី បាញ់មកលើកម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ដើម្បីកុំឲ្យតាម តែសំណាងល្អ មិនត្រូវ ។
សមត្ថកិច្ចបានបន្តថា ភ្លាមៗនោះកម្លាំងនគរបាលបានដកថយរៀងឆ្ងាយបន្តិច ហើយក៏បានទាក់ទងទៅខាងកម្លាំងនគរបាល ខណ្ឌទួលគោក និងកម្លាំងកងរាជ អាវុធហត្ថខណ្ឌឲ្យចុះមកជួយអន្តរាគមន៍ និងឡោមព័ទ្ធ រហូតវាយទ្វាផ្ទះបំបែកចាប់បានជនសង្ស័យ២នាក់ ដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ដែលបាញ់រួចមួយចំនួន រួមទាំងម៉ូតូម៉ាកហុងដាឌ្រីម០១៦ មួយគ្រឿងផងដែរ ។
ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានបញ្ចូនទៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុ ប្រគល់ឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន (ក៦) បញ្ចូនបន្តទៅ អគ្គស្នងការនគរបាលជាតិ ផ្នែកមន្ទីរ ប្រឆាំងគ្រឿងញៀន ចាត់ការតាមនីតិវិធី៕