ប្រជាពលរដ្ឋប្រតិកម្ម បន្ទាប់ពីអាជ្ញាធរចេញប្លង់រឹងប្រគល់ដីបឹងរាមនៅស្រុកខ្សាច់កណ្តាលជិត១០០ហិកតា ជូនឧកញ៉ា ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ
(កណ្តាល)៖ បន្ទាប់ពីលេចឮដំណឹងថា អាជ្ញាធរមូលដ្ឋាន បានវាស់វែង និងចេញប្លង់រឹងដីបឹងរាមទំហំជិត ១០០ហិកតា ជូនលោក ឧកញ៉ា ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជាអ្នកធ្លាប់កាន់កាប់អាស្រ័យផលដីខាងលើ បានប្រតិកម្ម និងទាមទារឲ្យអាជ្ញាធរកាត់ដីរបស់ពួកគាត់ប្រគល់ជូនពួកគាត់វិញ។
ដីបឹងរាមទំហំជិត ១០០ហិកតា ដែលអាជ្ញាធរអះអាងថា បានធ្វើប្លង់ជូនឈ្មោះ ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ នោះមានទីតាំងស្ថិតនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ពលរដ្ឋបានលើកឡើងថា ពួកគាត់បានកាន់កាប់ អាស្រ័យផលលើដីបឹងរាម ខ្លះចាប់តាំងពីឆ្នាំ១៩៧៩ និងខ្លះទៀតបានទិញបន្តពីអ្នកភូមិគ្នាឯង រាប់សិបឆ្នាំមកហើយ ប៉ុន្តែពេលនេះក៏លេចឮដំណឹងថា ដីទាំងអស់នោះ គឺអាជ្ញាធរបានចេញប្លង់រឹង ជូនឈ្មោះ ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ ជាម្ចាស់កម្មសិទ្ធិរួចរាល់ហើយ ដូច្នេះពួកគាត់ស្នើសុំឲ្យអាជ្ញាធរមេត្តាពិនិត្យ និងឆ្វៀលដីដែលពួកគាត់ធ្លាប់កាន់កាប់នេះចេញកុំឲ្យទៅឧកញ៉ាទាំងអស់បែបនេះ។
ជុំវិញរឿងនេះ លោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យភូមិបាលស្រុកខ្សាច់កណ្តាល បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា អាជ្ញាធរពិតជាបានវាស់វែង និងចេញប្លង់រឹង ដីបឹងរាមទំហំប្រមាណជាង ៨០ហិកតាជូនលោក ឧកញ៉ា ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ ប្រាកដមែន។
លោក ប្រធានការិយាល័យភូមិបាលរូបនេះ បានបន្ថែមថា «អាជ្ញាធរ បានរៀបចំវាស់វែង និងចេញប្លង់រឹងដីបឹងរាមជាង ៨០ហិកតា ជូន ឈ្មោះ ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ ដោយសារតែពួកគាត់ មានលិខិតទិញលក់ពីប្រជាពលរដ្ឋម្ចាស់ដី។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋាន សម្រេចចេញប្លង់ជូនអ្នកទាំង២នាក់នេះ ដោយគោរពតាម សេចក្តីជូនដំណឹង (ស.ជ.ណ) របស់ក្រសួងមហាផ្ទៃ និងសេចក្តីជូនដំណឹង (ស.ជ.ណ) របស់រដ្ឋបាលខេត្តកណ្តាល។ ការចុះវាស់វែង និងសម្រេចចេញប្លង់រឹងដីបឹងរាមជូនលោកឧកញ៉ា ភឿន ផល្លា និងឈ្មោះ លឹម ជាតិ មានការចូលរួមពីមន្ត្រីជំនាញ ចាប់តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋានដោយមានការជូនដំណឹងដល់ពលរដ្ឋត្រឹមត្រូវតាមនីតិវិធី។»
លោក ហ៊េល ម៉ូដេត បញ្ជាក់ថា ដីបឹងរាម មានទំហំសរុបប្រមាណ ១២៥ហិកតា ប៉ុន្តែអាជ្ញាធរ បានឆ្វៀលដីទំហំ ២៥ហិកតា ទុកជាសម្បត្តិរដ្ឋ ចំណែកដីជាង ៨០ហិកតា ធ្វើប្លង់រឹងជូនឈ្មោះ ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ។ ចំណែកដីសេសសល់គឺទុកជាទីតាំងកសាងហេដ្ឋារចនាសម្ពន្ធបឹងរាម។
បើយោងតាម សេចក្តីជូនដំណឹង (ស.ជ.ណ) របស់រដ្ឋបាលខេត្តកណ្តាល លេខ ១៧៧៣ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានសម្រេចប្រគល់ភារកិច្ចជូនប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរយោដី ខេត្ត អនុវត្តនីតិវិធីចុះបញ្ជីដីធ្លីបឹងរាម ស្ថិតនៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ជូនប្រជាពលរដ្ឋដែលកំពុងនឹងកាន់កាប់អាស្រ័យផលជាក់ស្តែងតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
សេចក្តីជូនដំណឹង (ស.ជ.ណ) របស់រដ្ឋបាលខេត្តកណ្តាល បានសម្រេចដាក់ចេញ យោងតាម សេចក្តីជូនដំណឹង (ស.ជ.ណ) លេខ២៣៣៧ សជណ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ៕