ជោគវាសនារបស់ស្ដ្រីម្នាក់ ដែលសម្លាប់មិត្តភក្តិកាត់កង់ៗញាត់ធុងទឹកកក រួចយកទៅចោលក្នុងទន្លេនៅខណ្ឌដូនពេញ នឹងត្រូវតុលាការសម្រេចនៅថ្ងៃឆ្លងឆ្នាំ២០១៩
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បាន
ដឹកនាំ សវនាការកាត់ទោសស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់កង់ៗញាត់ធុងទឹកកក និងយកទៅចោលក្នុងទន្លេ នៅខណ្ឌដូនពេញ។
ជនជាប់ចោទឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ ត្រូវបានតំណាងអយ្យការប្តឹងចោទប្រកាន់ពីបទ ឃាតកម្មគិតទុកមុន ប្រព្រឹត្តលើស្ត្រីជនរងគ្រោះឈ្មោះ គឹម យ៉ានាង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនារសៀលនេះ ស្ត្រីជាជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះដូចការចោទប្រកាន់របស់តុលាការប្រាកដមែន ព្រោះតែខឹងជនរងគ្រោះទៅទារបំណុលចំនួន ៧០០ដុល្លារ។
គួររម្លឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាប់ចោទឈ្មោះ ស៊ិន សុផល កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ តាមបណ្តឹងរបស់កូនស្រីរបស់ជនរងគ្រោះដែលបានបាត់ម្តាយតាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។
បន្ទាប់ពីបញ្ចប់ការសាកសួរដេញដោល តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះទៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕