Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ស្ដ្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់កង់ៗញាត់ធុងទឹកកក ត្រូវតុលាការកាត់ទោសដាក់គុក អស់មួយជីវិត

ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការប្រកាស សាលក្រមសំណុំរឿងស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់ កង់ៗញាត់ធុងទឹកកក និងយកទៅចោលក្នុងទន្លេ នៅខណ្ឌដូនពេញ ។

តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ ដាក់ពន្ធនាគារ អស់មួយ ជីវិត ពីបទ ឃាតកម្មគិតទុកមុន តាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ និង សងសំណងរដ្ឋប្បវេណីទៅឲ្យជនរងគ្រោះ ១២០លានរៀល ដែលប្រព្រឹត្តលើស្ត្រីជនរងគ្រោះឈ្មោះ គឹម យ៉ានាង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ។

នៅក្នុងសវនាការនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ត្រីជាជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះដូចការចោទប្រកាន់របស់តុលាការប្រាកដមែន ព្រោះតែខឹងជនរងគ្រោះទៅទារបំណុលចំនួន ៧០០ដុល្លារ។

គួររម្លឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាប់ចោទឈ្មោះ ស៊ិន សុផល កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ តាមបណ្តឹងរបស់កូនស្រីរបស់ជនរងគ្រោះដែលបានបាត់ម្តាយតាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ៕