រថយន្តស្លាកលេខភ្នំពេញ2AQ-9621បុករះ ម៉ូតូ៤គ្រឿងកំពុងឈប់ស្តុបធ្វើឲ្យមន្ត្រីនគរបាលស័ក្ត៣ម្នាក់ស្លាប់ គួរឲ្យសង្វេក និង២នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖ មន្ត្រីនគរបាលសក្ត័៣ ម្នាក់បានបាក់ក ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ឯមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់ ខណៈជិះម៉ូតូមកឈប់រងចាំស្តុបត្រូវរថយន្តហាយឡែនឌ័របុករះទាំងកំរោល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៦ខែមករា ឆ្នាំ២០២០ នៅចំណុចស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះមានឈ្មោះ ចន រតនា ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបមន្ត្រីនគរបាលឋានៈ អនុសេនីយ៍ឯក បច្ចុប្បន្នស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-9621ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងបោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ភ្លើងស្តុបដែលជាចំនុចកើតហេតុខាងលើបត់ស្ដាំទៅផ្លូវព្រៃសរ ដោយខ្វះការប្រុងប្រយត្ន័ ក៏ជ្រុលទៅបុករះម៉ូតូចំនួន៤គ្រឿងកំពុងឈប់ស្តុប បណ្ដាលឲ្យបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាល ពាក់ស័ក្ក៣ បានបាក់កស្លាប់មួយរំពេចនៅនិងកន្លែងនិងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ប្រភពបានបន្តថា ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើកចេញពីកន្លែងកើតហេតុគេចខ្លួនទៅបាត់ស្រមោលតែរថយន្តបានដាច់ស្លាកលេខជ្រុះនៅកន្លែងហេតុ ។
បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីស្រាវជ្រាវ តាមរកម្ចាស់រថយន្តបង្កយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ចំណែកសពជនរងគ្រោះប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕