លោកព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ សម្រេចដោះលែងជនជាតិបារាំងម្នាក់ ដែលប្រើហិង្សាលើអ្នកបើកបរ និងវាយកម្ទេចកង់បី ឲ្យមានសេរីភាពវិញក្រោយសាកសួររួច
(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនខ្លួនជនជាតិបារាំងម្នាក់ទៅតុលាការដើម្បីចាត់តាមច្បាប់កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលោកព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ សម្រេចដោះលែងទៅវិញ ក្រោយពេលសាកសួរចប់។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចខណ្ឌទួលគោក។
សូមជម្រាបថា ជនសង្ស័យដែលមានសំណាងត្រូវបានតំណាងអយ្យការដោះលែងនោះ មានឈ្មោះ VERON MAXENCE LUDWIG ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនកាលព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធបទ ល្មើស ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
គួររម្លឹកថា កាលពីវេលាម៉ោង ០១៖២០នាទីទៀបភ្លឺថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនសង្ស័យ បានប្រើដុំថ្ម និងកាំបិត វាយកម្ទេចរ៉ឺម៉កកង់ ៣ និងប្រើកាំបិតដេញចាក់ជនរងគ្រោះឈ្មោះ កត់ រំចង់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កកង់ ៣ ស្នាក់នៅផ្ទះលេខ១០៤ ផ្លូវជាតិលេខ៣ ភូមិកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យរងរបួស នៅចំណុចមុខផ្ទះជួល លេខ៨ ផ្លូវលេខ៥៦២ ក្រុមទី៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕