សមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្តហាយប្រិត ស្លាកលេខភ្នំពេញ2BB-0035ដែលបុកនឹងកិនមនុស្សស្លាប់២នាក់នៅផ្លូវ៦០ម៉ែត្រ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ តាមឃាត់ខ្លួនបានហើយម្ចាស់រថយន្ត ម៉ាក ហាយប្រិត ពាក់ស្លាកលេខភ្នំពេញ2BB-0035ដែលបុកបុរសម្នាក់និងក្មេងស្រីម្នាក់ទៀតបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវ៦០ម៉ែត្រកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IC-4551 ឌុបក្មេងស្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងដោយព្យាយាមវ៉ាគេឯងក៏ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះក៏មានរថយន្តហាយប្រិត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នាជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយម៉ូតូខ្ទាតទៅម្ខាងចំណែកអ្នកជិះម៉ូតូចំនួន២នាក់ត្រូវកិននឹងអូសជាច្រើនម៉ែត្របណ្តាលអោយស្លាប់ភ្លាមៗ ។
ប្រភពដដែរបន្តថា បន្ទាប់ពីបុកហើយរថយន្តបង្កបានបើកគេចពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យធ្វើការស្រាវជ្រាវតាមរកនិងចាប់ឃាត់ខ្លួនម្ចាស់រថយន្តបាននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលមានឈ្មោះ ឆេង គឹមលី ភេទប្រុស អាយុ២២ឆ្នាំ។ ចំណែកអ្នកបើករថយន្តបង្ក មានឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ2EO ក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ (កំពុងគេចខ្លួន)ត្រូវជាពូម្ចាស់រថយន្ត ។
តែទោះជាយ៉ាងណាសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តបញ្ចូនទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕