ទីបំផុត! ជនសង្ស័យដែលបើករថយន្ដ បុកមនុស្សស្លាប់២នាក់នៅផ្លូវ៦០ម៉ែត្រ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមចាប់បានហើយជនសង្ស័យដែលបើករថយន្តបង្ក បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យមនុស្ស២នាក់បានស្លាប់នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
ហេតុការណ៍ឃាត់ខ្លួនអ្នកបើករថយន្តបង្កនេះធ្វើឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១មករាឆ្នាំ២០២០ នៅស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់ពីជនសង្ស័យគេចបានជាង១០ម៉ោង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនគឺជាអ្នកបើករថយន្តបង្កផ្ទាល់ មានឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ ក្នុងនោះសមត្ថកិច្ចដកហូតបានរថយន្ដមួយគ្រឿងម៉ាកCamry ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-0035 ។ ចំណែកឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ ដែលជាម្ចាស់រថយន្ដ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ នៅផ្ទះក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវជាក្មួយ និងអ្នកបើករថយន្តបង្ក ហើយមិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។
សមត្ថកិច្ច បន្តទៀតថា ក្រោយឃាត់ខ្លួនជនបង្កឈ្មោះ ហ៊ុយ ទូច រួមជាមួយរថយន្ដ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
សូមបញ្ជាក់ថា រថយន្ដម៉ាកCamryពាក់ស្លាកលេខភ្នំពេញ 2BB-0035 បានបើកបុកម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតមនុស្សប្រុសស្រី២នាក់ ស្លាប់យ៉ាងអាណោចអធម៌ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខការដ្ឋានចិន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ហើយបានវ៉ារថយន្តមួយគ្រឿងចូលទៅចំណែកផ្លូវម្ខាង ស្របពេលដែលមានរថយន្តហាយប្រ៊ីត មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-0035 បើកមកបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង ហើយកិន និងអូស អ្នកជិះម៉ូតូជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ គួរឲ្យសង្វេក ហើយរថយន្ដបានបើកគេចបាត់៕