នគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីលួចម៉ូតូនិងទទួលផលចោរកម្ម
ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ពាក់ពន្ធ័ករណីលួចម៉ូតូនិងទទួលផលចោរកម្ម
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០ នៅចំណុចផ្លូវលំភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួន២នាក់រួមមាន៖ ទី១-មានឈ្មោះ ឌឿន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិ ខ្មែរទីលំនៅផ្ទះជួលផ្លូវលំ ភូមិមានជ័យ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)ជាអ្នកលួចម៉ូតូ ។
ជនសង្ស័យទី២- ឈ្មោះ ចាន់ណា ស៊ីនិត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួលផ្លូវលំ ភូមិ សិត្បូឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាលមុខរបរ រត់ម៉ូតូកង់បីឥណ្ឌា(ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ជាអ្នកទទួលផលចោរកម្ម ។
-ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះជួលផ្លូវលេខ២៧១ ភូមិ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ និស្សិត។
សមត្ថកិច្ចអោយដឹងទៀតថា កាល កាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០២០វេលាម៉ោង០៨និង៣០នាទីយប់ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកGPX ពណ៍ក្រហម សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HG-8198 មកចាក់សោរក ទុកនៅក្នុងផ្ទះជួលផ្លូវលេខ២៧១ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចចូលទៅសម្រាកក្នុងបន្ទប់ជួល(ដោយពុំបានចាក់សោរទ្វារផ្ទះ)លុះដល់វេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២០ ជនរងគ្រោះភ្ញាក់ពីដំណេក រកម៉ូតូដើម្បីជិះទៅរៀន ស្រាប់តែបាត់ម៉ូតូមិនឃើញក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ស្វែងរក ។
បន្ទាប់មកកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចុះទៅពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅចំណុចកើតហេតុ ក៏ឃើញជនសង្ស័យឈ្មោះ ឌឿន បញ្ញា ជាអ្នកធ្វើសកម្មភាពលួចម៉ូតូ ម៉ាក GPX ពណ៍ក្រហម របស់ជនរងគ្រោះនៅវេលាម៉ោង០៥និង៣០នាទីទៀបភ្លឺថ្ងៃទី០៥ខែមករាឆ្នាំ២០២០ ។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានសហការជាមួយកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ រករហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទី ព្រឹកក៏ប្រទះឃើញជនសង្ស័យឈ្មោះ ឌឿន បញ្ញា កំពុងដើរនៅផ្លូវលំ ភូមិមានជ័យ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនយកមកសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បន្ទាប់ពីសាកសួរ ជនសង្ស័យឈ្មោះ ឌឿន បញ្ញា បានឆ្លើយសារភាពថា ចំពោះម៉ូតូម៉ាកGPX ពណ៍ក្រហម រូបគេបានធ្វើសកម្មភាពឆ្កឹះសោរកុងតាក់ បញ្ឆេះជិះយកទៅលក់ឲ្យឈ្មោះ ចាន់ណា ស៊ីនិត ភ្លាមនោះកម្លាំង សមត្ថកិច្ច បានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិតនៅចំណុចផ្លូវលេខ១១២ សង្កាត់ ទឹកល្អក់៣ ខណ្ឌ ទួលគោក និងចាប់យកវត្ថុតាង ៖ រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9715យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមតាមនិតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕