សង្ស័យភ្លើងប្រចណ្ឌនារីម្នាក់ត្រូវបុរសជាសង្សាបាញ់ស្លាប់ ក្រោយបញ្ចូនទៅមន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ
ភ្នំពេញ៖ នារីជានិសិត្សពេទ្យម្នាក់ត្រូវបុរសជាសង្សាបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៖ ហេតុការណ៍នេះបង្កឲ្យមានការផ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ខែមករាឆ្នាំ២០២០ នៅចំណុចផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពនារី រងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ មុខរប ជានិសិត្សពេទ្យ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យដែលជាខ្មាន់កាំភ្លើងនៅ(មិនទាន់ស្គាល់អត្តសញ្ញាណ)ក្រោយបង្កហេតុបានរត់គេចខ្លួនបាត់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ដែលមានការភ្ញាក់ផ្អើលគេថា ករណីផ្ទុះអាវុធនេះជនសង្ស័យត្រូវជាមិត្តប្រុសរបស់ជនរងគ្រោះ ខណៈផ្ទុះអាវុធជាច្រើនគ្រាប់ហើយ គេបានឃើញជនសង្ស័យបីជនរងគ្រោះចេញមកខាងក្រៅ បន្ទាប់មកជនសង្ស័យក៏ហៅកង់បីឥណ្ឌាដឹកនារីរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីសង្គ្រោះបន្ទាន់ ដោយសភាពរបួសធ្ងន់ពេក ទើបនារីរងគ្រោះបានស្លាប់ពេលបញ្ចូនបានពាក់កណ្តាលផ្លូវ។
ប្រភពដដែលបានបន្តថា ករណីខាងលើកើតឡើងតាំងពីម៉ោង៩យប់ថ្ងៃទី១៦មកតែដោយ សារការផ្ទុះអាវុធនេះ កើតឡើងនៅក្នុងផ្ទះល្វែង ទើបមិនសូវមានអ្នកចាប់អារម្មណ៍ពីសម្លេងបាញ់ កាំភ្លើង លះដល់ពេលឃើញសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុទើបនាំគ្នាផ្អើលឆោឡោតែម្តង។
បច្ចុប្បន្ន សពនារីរងគ្រោះតម្កល់ទុកនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីកម្លាំងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័្ចយ ពិនិត្យរកមូលហេតុ និង កសាងសំណុំរឿងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមកផ្តន់ទានទោសតាមនិតិវិធីផ្លូវច្បាប់ ៕