ស្ត្រីខ្មែរម្នាក់ត្រូវបុរសជនជាតិចិនចាប់ដាក់គូទរថយន្តចេញពីផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ចូលដេកផ្ទះសំណាក់មហាលាភជាមួយស្ត្រីខ្មែរ ហើយសង្ស័យដាក់ថ្នាំបណ្ដាលអោយស្ត្រីរូបនោះសន្លប់បាត់ស្មាតីរួចបីដាក់គូទរថយន្ត បើកចេញពីផ្ទះសំណាក់ បង្កការភ្ញាក់ផ្អើលត្រូវកម្លាំងសមត្ថកិច្ច ស្ទាក់ចាប់ឃាត់ខ្លួនបាន
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២០នៅចំណុចផ្ទះសំណាក់ មហាលាភ តាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពពីមេការផ្ទះសំណាក់ កើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគឺមានបុរសជាជនជាតិចិន ម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជា៤០ ឆ្នាំ បានចូលមកជួលបន្ទប់របស់គាត់សម្រាកមួយម៉ោង ជាមួយនិងនារីខ្មែរម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណដូចគ្នាពេលនោះគាត់ក៏បានដាក់បន្ទប់ជួលលេខ213ឲ្យសម្រាក។
លុះដល់ម៉ោងកំណត់ដែលត្រូវចាកចេញ បុគ្គលិកក្នុងផ្ទះសំណាក់គាត់បានប្រទះឃើញជនជាតិចិនរូបនោះ បីស្ត្រីដែលជាជនរងគ្រោះចុះមកក្រោម រួចដាក់ក្នុងគូទរថយន្តកាំម៉ារីហាយប្រ៊ិត ពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-8491 ហើយមើលទៅសភាពរបស់ស្ត្រីរងគ្រោះគឺសម្លប់បាត់ស្មារតី រីឯមុខវិញឡើងស្វាយ ឃើញដូចនេះគាត់ក៏ទូរសព្ទ័រាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ប្រភពដដែលបន្តថា ភ្លាមនោះគាត់បានឃាត់មិនឲ្យជនសង្ស័យជាជនជាតិចិន បើករថយន្តចេញនោះទេ តែជនសង្ស័យព្យាយាមបើកគេចចេញ ខណៈបើកមកដល់រង្វង់មូលនាងមច្ឆា ក៏ត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វា ឃាត់បានទាំងរថយន្ត និង ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃុំខ្លួនជាបណ្តោះអាសន្នដើម្បីសួរនាំ ។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជួនទៅសំរាកព្យាបាលនៅគ្លីនិកសម្ភពពន្លឺ៕