អាសូរ! បុរសកម្មកអភ័ព្វម្នាក់ដេកស្លាប់ក្នុងការដ្ឋានចាក់លូចោលកូនប្រុសអាយុ៧ គួរឲ្យសង្វក
ភ្នំពេញ៖ បុរសម្នាក់ជាកម្មក ចាក់លូ បានដេកស្លាប់នៅក្នុងការដ្ឋានចាក់លូ សង្ស័យខ្យល់(គ) បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២០ នៅចំណុចការដ្ឋានចាក់លូភូមិត្នោតជ្រុំ១ សង្កាត់បឹង២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឆៀង ផល្លា ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុរសពោះម៉ាយស្នាក់នៅក្នុងការដ្ឋានកន្លែងកើតហេតុ មានកូនប្រុសម្នាក់អាយុ៧ឆ្នាំ ។
យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះនិងកម្មកដែលធ្វើការជាមួយបានឲ្យដឹងថា បុរសរងគ្រោះខានធ្វើការ២ទៅ៣ថ្ងៃមកហើយដោយសង្ស័យមិនស្រួលខ្លួន។
ប្រភពដដែលបានបន្តថា បុរសរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាជារាល់ថ្ងៃដោយសារពិបាកចិត្តប្រពន្ធរត់ចោល លុះដល់ថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៩ព្រឹក ជនរងគ្រោះបានងើបឡើងសួរគេថាម៉ោងប៉ុន្មានហើយនិងបានដើរសុំលុយគេទិញស្រាផឹកតែគេមិនអោយរួចក៏បានដេកទៅវិញ លុះដល់ម៉ោងកើតហេតុ កម្មកនៅក្នុងការដ្ឋានដែលធ្វើការមួយគ្នាបានដើរទៅដាស់ទើបដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ បង្កអោយមានការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនៅកន្លែងកើតហេតុ។
បន្ទាប់មកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោសលវិច្ឆយ បានសន្និដ្ឋានថា បុរសរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង រួចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិដឹកយកទៅតម្កល់នៅវត្តសំបួរមាសធ្វើបុណ្យតាមប្រពៃណី ៕