មេការសំណង់ម្នាក់សង្ស័យស្រវឹងដេកធ្លាក់ពីលើអាគារជាន់ទី៣បាក់កស្លាប់
ភ្នំពេញ៖ ប្រទះឃើញបុរសជាមេការសំណង់ម្នាក់ដេកស្លាប់ផ្កាប់មុខនៅក្នុងបរិវេនអាគារកំពុងសាងសង់មួយកន្លែងសង្ស័យស្រវឹងដេកធ្លាក់ពីលើអង្រឹងជាន់ទី៣បាក់កស្លាប់
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង១៥នាទីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ ២០២០ នៅចំណុចអាគារការដ្ឋានសំណង់កំពុងសាងសង់មួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ស៊ូ រ៉ាវេត អាយុ៣២ ឆ្នាំមុខរបរ មេការសំណង់ស្នាក់នៅក្នុងការដ្ឋាន កន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកបាវិត ខេត្តស្វាយរៀង។
បើតាមសម្ដី បុរសឈ្មោះ អ៊ុុ ប៉ូណា អាយុ៣៥ឆ្នាំ ដែលជាមេការដូចគ្នាបានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគាត់និងជនរងគ្រោះកាលពីល្ងាចថ្ងៃទី២៣ខែមករាបានទិញស្រាបៀរចំនួន៧កំប៉ុងយកមកផឹកនៅក្នុងអាគារការដ្ឋានជាន់ទី៣ ដោយជនរងគ្រោះផឹកអស់ចំនួន៣កំប៉ុង ចំណែករូបគាត់ផឹកអស់៤កំប៉ុងហើយគាត់ក៏បានចុះមកក្រោមសម្រាកទុក ចំណែកជនរងគ្រោះសម្រាកក្នុងអង្រឹងជាន់ទី៣ ។
ប្រភពបានបន្តថា លុះដល់ព្រឹកឡើងខែឆ្នាំដដែល ខណៈដែលក្រុមកម្មករសំណង់បាននាំគ្នាមកចូលធ្វើការជាធម្មតាក៏ប្រទះឃើញបុរសជនរងគ្រោះបានដេកស្លាប់ផ្កាប់មុខភ្លាមៗនោះពួកគេក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ឆ័យ ហើយបានសន្និដ្ឋានថា សង្ស័យជនរងគ្រោះស្រវឹងស្រាដេកធ្លាក់ពីលើអង្រឹងជាន់ទី៣មកក្រោមបាក់កស្លាប់ រួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជួនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯ ស្រុកកំណើត៕