ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបដិសេធ ករណីវាយយកម៉ូតូនៅសង្កាត់ព្រៃវែង ថាជនរងគ្រោះទៅប្ដឹងគ្មាន នគរបាលប្រចាំការ
ភ្នំពេញ៖ យោងតាមរយៈផេករបស់ ស្នងការនគរបាល រាជធានីភ្នំពេញ សរសេរបង្ហោះធ្វើការបកស្រាយបដិសេធទាំងស្រុងចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា ពេលជនរងគ្រោះទៅប្តឹងដល់ប៉ុស្តិ៍មិនមានមន្ត្រីណាម្នាក់នៅសោះ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ គឺជាករណីពាលសុីពាល ជនរងគ្រោះក៏ធ្លាប់ប្រព្រឹត្តិបទល្មើស ហេីយក៏មានដីការបង្គាប់អោយចាប់ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺផងដែរ ។
ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបដិសេធ និងបកស្រាយបំភ្លឺ ជូនសាធារណ:ជនអោយបានជ្រាបថា ករណីដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថាមានករណីវាយយកម៉ូតូ ដែលកើតហេតុកាលពីវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត ថៃ្ងទី២៤ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខមណ្ឌលសុខភាពព្រៃវែង ស្ថិតក្នុងភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាមិនមានមន្ត្រីប៉ុស្តិ៍ណាម្នាក់នៅប្រចាំការដេីម្បីទទួលពាក្យបណ្តឹង ។
សមត្ថកិច្ច អោយដឹងទៀតថា ជាក់ស្តែង នៅយប់កើតហេតុមានកម្លាំងដែលប្រចាំការនៅប៉ុស្តិ៍ចំនួន០៣នាក់ដែលដឹកនាំដោយលោកអនុសេនីយ៍ទោ ផាន សុផុន នាយរងប៉ុស្តិ៍ទទួលការងារយុត្តិធម៌ ពេលទទួលបានព័ត៌មានដូចខាងលើកម្លាំងប៉ុស្តិ៍ដែលនៅជិតៗ រួមទាំងមន្រ្តីប៉ុស្តិ៍ព្រៃវែងបានចេញភ្លាមៗតាមរកមុខសញ្ញា ដោយនៅភូមិសាស្រ្តខណ្ឌដង្កោ មានផ្លូវលំច្រើននិងងងឹត កម្លាំងតាមរកមិនប្រទះសោះ និងឲ្យមន្រ្តីប៉ុស្តិ៍ពងទឹកដែលនៅក្បែរនោះដឹកជនរងគ្រោះឈ្មោះ ង៉ុយ សុខដា ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មុខរបរជាងក្រឡឹង រស់នៅភូមិក្រាំងស្បូវ ឃុំមហាសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺទៅមណ្ឌលសុខភាពដើម្បីលាងរបួស ហើយកម្លាំងប៉ុស្តិ៍ពងទឹកបានប្រាប់ឲ្យជនរងគ្រោះចាំបន្តិច លុះពេលប្រហែល២០នាទីក្រោយ ពេលកម្លាំងប៉ុស្តិ៍បានត្រឡប់មកពីតាមរកជនសង្ស័យវិញ ជនរងគ្រោះខាងលើ ក៏បានចាកចេញបាត់ ។
លុះព្រឹកឡើង កម្លាំងនគរបាលខណ្ឌដង្កោបានទាក់ទងទៅ នរគបាលប៉ុស្តិ៍ឃុំមហាសី ដើម្បីទទួលពាក្យបណ្តឹង និង បំភ្លឺពីភិនភាគជនសង្ស័យទាំង០៦នាក់ ទើបដឹងថាឈ្មោះ ង៉ុយ សុខដា មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ ហើយឈ្មោះ ង៉ុយ សុខដា បានគេចខ្លួនចេញពីមូលដ្ឋាន យូរហើយម្យ៉ាងម៉ូតូរបស់ឈ្មោះ ង៉ុយ សុខដា ដែលពាក់ស្លាកលេខ1IB.2805នោះ សមត្ថកិច្ចបានឆែករកអត្តសញ្ញាណ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះខាងលើនោះទេ គឺជាកម្មសិទ្ធិរបស់ឈ្មោះ សុខ ឡេង ដែលរស់នៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ក្រោយពីប្រមូលព័ត៌មាន និងធ្វើសាវតាជាតិ ឈ្មោះ ង៉ុយ សុខដា ដែលមានដីកាចាប់ខ្លួន កម្លាំងបានធ្វេីការសន្និដ្ឋានថា ករណីខាងលើ ជាករណី ទំនាស់វាយដណ្តើមម៉ូតូគ្នាឯង មិនមែនជាករណីប្លន់នោះទេ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាម រកមុខសញ្ញា ទាំងអស់នោះ ដើម្បីចាប់យកមកអនុវត្តន៍តាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបន្ថែមថា ជាច្រេីនលេីកច្រេីនសារមកហេីយដែលសារព័ត៌មានមួយចំនួន តែងតែចុះផ្សាយជាលក្ខណ:ខុសពីការពិត បំផុសបំផុល និងញុះញង់ អោយមានការស្អប់មកលេីសមត្ថកិច្ច ស្របពេលដែលកម្លាំងតាមបណ្តាប៉ុស្តិ៍ខណ្ឌ ប៉ុស្តិ៍ តែងតែប្រចាំការ ២៤ម លេី ២៤ម ដេីម្បីការពារសុខសុវត្ថិភាព និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ។
សូមសារព័ត៌មានមួយចំនួនគួរតែសិក្សាស្វែងរកការពិតអោយបានច្បាស់ ជាមុនសិន មុននឹងចុះផ្សាយជាសាធារណ: កុំចុះផ្សាយព័ត៌មានមិនពិត ត្រឹមតែចង់អោយផេករបស់ខ្លួនបានល្បី ទទួលបានការចាប់អារម្មណ៍ ទទួលបាន Like and Share ៕