អាណិតណាស់! ក្មេងប្រុសអាយុ០៨ឆ្នាំម្នាក់ដុតផាវផ្ទុះត្រូវភ្នែកស្លាប់យ៉ាងអាណោចអធម៌
កណ្ដាល៖ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទិញផាវយកមកដុតលេងផ្ទុះរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់បាត់បង់ជីវិតក្រោយបញ្ជួនទៅមន្ទីរ ពេទ្យ ដើម្បីជួយសង្គ្រោះ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២០ នៅចំណុច ភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុសអាយុ០៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
សមត្ថកិច្ចបានបន្តថា នៅព្រឹកថ្ងៃកើតហេតុវេលាម៉ោងប្រហែល៧និង០០នាទី ឪពុកក្មេងរងគ្រោះបាននាំកូនទៅលេងផ្ទះឈ្មោះ ហួថារី (ត្រូវជាបង) លុះដល់ម៉ោងប្រហែល០៩ព្រឹក ឪពុកជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ដោយទុកកូនអោយនៅលេងផ្ទះឈ្មោះ ហួថារី រហូតដល់វេលាម៉ោង១០និង១៥នាទីព្រឹកបានឮ សំលេងផ្ទុះ ភ្លាមៗនោះឈ្មោះ ហួ ថារី ក៏រត់ទៅមើល ស្រាប់តែឃើញក្មួយដេកនៅនឹងដីមានស្នាមរបួសមុខ រួចក៏បានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ តែជាអកុសល ជនរងគ្រោះបានស្លាប់ទៅហើយ ពេលនោះក៏បានបញ្ជូនត្រឡប់មកផ្ទះវិញ។
សមត្ថកិច្ចបានបន្ថែមទៀតថា តាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុសអាយុ ០៥ឆ្នាំដែលជាក្មេងលេងជាមួយគ្នាបានប្រាប់ថាឈ្មោះ ផាន់ណា ដារ៉ូ ( ជនរងគ្រោះ )បានជិះកង់ទៅទិញផាវ នៅផ្ទះឈ្មោះ ណាំ ហើយ យកមកដុតដាក់ចូលក្នុងធុងសាំង រួចអើតមើលក៏ផ្ទុះធុងសាំង ឡើងលើបុកនិងដំបូលផ្ទះឈ្មោះ ហួថារី ហើយចំណែក ក្មេងប្រុសរងគ្រោះបានដួលទៅលើដីរបួសធ្ងន់ ។
ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច្ឆ័យ និងកំណត់ហេតុរួចបានប្រគល់សពជនរងឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕