ជនសង្ស័យ២នាក់លួចម៉ូតូ២០២០បានសម្រេចមកពីខេត្តតាកែវ អស់លក្ខមកជាប់អន្ទាក់នគរបាលខណ្ឌដង្កោ
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះអនុវត្តត្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆែករកឃើញកាំបិតប៉័ងតោដាក់ក្រោមកែបម៉ូតូនិងធ្វើការសាកសួរទើបដឹងថា ជាម៉ូតូលួចចេញពីខេត្តតាកែវ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលេខ២១៧ នៅចំណុចមុខអធិការនគរបាលខណ្ឌដង្កោ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់មាន៖ ទី១/ ឈ្មោះ ទុំ កន ភេទប្រុស អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រសាំងពល ឃុំតាអូរ ស្រុកគីរី វង់ ខេត្តតាកែវ
ទី២/ឈ្មោះ សែប ទូច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុក គីរីវង់ ខេត្តតាកែវ ។
សមត្ថកិច្ចបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់គឺកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌដង្កោ បានធ្វើការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះរឹតបណ្ដឹងច្បាប់ចរាចរណ៍ នៅមុខអធិការនគរបាលខណ្ឌដង្កោ ហើយបាឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងគ្មានស្លាកលេខក៏ឃាត់ធ្វើការសួរនាំនិងឆែករកឃើញកាំបិតប៉័ងតោមួយដែលជនសង្ស័យដាក់នៅខាងក្រោមកែបម៉ូតូ។ ដោយឃើញបែបនេះទើបកម្លាំងធ្វើឃាត់ខ្លួនយកមកសួរនាំបន្ថែមនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូម៉ាកហុងដា ឌ្រីម ឆ្នាំ២០២០ដែលពួកគេលួចកាច់សោរករចេញពីភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០វេលាម៉ោងប្រហែល១៨និង០០នាទី នៅពេលដែលម្ចាស់ ដាក់បញ្ឈរចោលនៅខាងមុខផ្ទះ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងប្រគល់ជូននគរបាលស្រុងគីរីវង់ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់បន្ត៕