ឃាត់ខ្លួនកូនប្រុសថៅកែការ៉ាស់ឡាន ហេង ហេង អូតូ ក្រោយវាយនិស្សិតសាកលវិទ្យាល័យ លីម កុកវីង និង ផ្ញើរូបកាំភ្លើងគំរាម
ភ្នំពេញ៖ យុវជនម្នាក់ដែលគេស្គាល់ថាជាកូនប្រុសថៅកែការ៉ាស់ឡាន ហេង ហេង អូតូ នៅខណ្ឌទួលគោកឈ្មោះ គីម ហ៊ួត ជាជនសង្ស័យវាយទៅលេីនិស្សិតសាកលវិទ្យាល័យ លីម កុកវីងត្រូវបាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនហើយ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញ បន្ទាប់ពីបានចូលបំភ្លឺនៅប៉ុស្តិ៍នគរបាលមនោរម្យ ។
យុវជនទំនើងរូបនេះ បានសារភាពចំពោះមុខសមត្ថកិច្ច ថា ពិតជាបានវៃជនរងគ្រោះនិងផ្ញើរូបភាពកាំភ្លើងគំរាម ពិតមែន ដោយសារខឹងរឿងញ៉ែស្រីស្នេហ៍ដែលខ្លួនស្រលាញ់ ។
លោក ស៊ូ ប៊ុនធី ឪពុក ជនរងគ្រោះឈ្មោះ ហម សុវណ្ណារ៉ា អាយុ១៩ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ លីម កុកវីង បានបញ្ជាក់នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២០នេះ ថាយុវជនទំនើងឈ្មោះ គីម ហ៊ួត បានចូលបំភ្លឺនៅប៉ុស្តិ៍នគរបាលមនោរម្យ ខណ្ឌ៧មករា កាលពីព្រលប់ថ្ងៃទី២៩ ខែមករា ម្សិលមិញ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយសាកសួរ សមត្ថកិច្ចបានឃាត់ខ្លួនជនទំនើងរូបនេះ ពាក់ព័ន្ធករណីប្រើអំពើហិង្សា និង មានអាវុធទំនើប២ដើម ទាំងវ័យក្មេង មិនដឹងប្រភពមកពីណា ។ ក្នុងនាមដើមបណ្តឹង លោក ស៊ូ ប៊ុនធី ចង់អោយសមត្ថកិច្ចនិងតុលាការ ចាត់ការជនទំនើងនេះ ទៅតាមច្បាប់ ខណៈខ្លួនបានទាមទារសំណងចំនួន៣ពាន់ដុល្លារ ។ លោក អះអាងថា លោកមិនចង់មានរឿងវែងឆ្ងាយទេ បើលោកបានទទួលសំណង លោកនឹងដកពាក្យបណ្តឹង ហើយសមត្ថកិច្ចនិងតុលាការ ចាត់ការយ៉ាងណានោះ គឺ ជាសមត្ថកិច្ចរបស់ស្ថាប័នច្បាប់ ។
បច្ចុប្បន្ន យុវជនឈ្មោះ គីម ហ៊ួត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕