ទីបំផុត! ប្រជាការពារឃុំឬស្សីក្រាំងដែលវៃលោកតា ពិការជើង ត្រូវនគរបាលឃាត់ខ្លួនបានហេីយ
បាត់ដំបង៖ ជនសង្ស័យដែលធ្វើសកម្មភាពវៃទៅលើលោកតា វ័យ៥៧ឆ្នាំម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះពេលនេះកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានហើយកាលពីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះ តាមបទបញ្ជារបស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ដែលដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ។
សូមរំលឹកថាកាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២០ ក្រោយទទួលបានព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម លើកឡើងថា(ប្រជាការពារ)នៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបង បានប្រេីហិង្សាវាយទៅលើបុរសពិការជើងម្ខាង វ័យចំណាស់ម្នាក់បណ្តាលឲ្យបាក់ដៃទាំងសងខាងរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិសាត់។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ចាត់វិធានការស្រាវជ្រាវលើករណីនេះ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ កែវ ព្រឿនហៅខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នក តាទ្វារ ឃុំឫស្សីក្រាំងស្រុកមោងឫស្សីខេត្តបាត់ដំបង មានភារកិច្ចជា(ប្រជាការពារឃុំឬស្សីក្រាំង) ដើម្បីយកមកធ្វើការសាកសួរ ។
ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ុន ខុម ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិអ្នក តាទ្វារ ឃុំឫស្សីក្រាំងស្រុកមោងឫស្សីខេត្តបាត់ដំបង រងរបួសបាក់ដៃទាំងសងខាង កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕