ឆ្ងល់មិនឃើញចេញទៅធ្វើការគាស់បន្ទប់មើលឃើញដេកស្លាប់
ភ្នំពេញ៖ យុវជនម្នាក់ដែលគេស្គាល់ថា ជាជាងឌីហ្សាញផ្លាកយីហោ បានដេកស្លាប់ក្នុង បន្ទប់ជួល បង្កឲ្យការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ៥១៦ជាន់ទី៤ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ផាត សុផល ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាងឌីហ្សាញផ្លាក យីហោ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុមានស្រុកកំណើត ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៏សាត់។
បើតាមសម្ដីស្ត្រីម្នាក់ដែលមានបន្ទប់ជាប់គ្នាបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះតែងតែងើបនៅវេលាម៉ោង០៨ព្រឹកទៅធ្វើការរាល់ថ្ងៃ ខណៈពេលព្រឹកថ្ងៃកើតហេតុមិនឃើញជនរងគ្រោះងើបទៅធ្វើការដូចសព្វដង តែគាត់ក៏មិនចាប់អារម្មណ៍អ្វីនោះដែរក៏បានទៅធ្វើការរហូតដល់ម៉ោង៨យប់ទើបគាត់ត្រឡប់ មកពីធ្វើការវិញ ដោយមានការងឿងឆ្ងល់ឃើញបន្ទប់នៅតែបិទទ្វារដដែលសង្ស័យក៏នាំគ្នាគោះទ្វារតែមិនលឺសូរឆ្លើយតប ក៏បានប្រាប់ទៅមេការផ្ទះជួលអោយមកគាស់ទ្វារមើលឃើញដេកដណ្ដប់ភួយស្តូកស្តឹងមិនកម្រើក ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុទើបដឹងថា យុវជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតទៅហើយ ។ បន្ទាប់មកក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យ រួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។
ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕