ឆ្លងចរន្តភ្លើងសូឡាឆេះផ្ទះមន្ត្រីនគរបាលព្រំដែនម្នាក់ខ្ទេចគ្មានសល់
ព្រះវិហារ៖ ផ្ទុះសេខ្សែភ្លើងសូឡា ខណៈដែលម្ចាស់មិននៅផ្ទះ បណ្តាលអោយឆាបឆេះសន្ធោសន្ធៅបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង២៥នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចអូរដា ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីភ្លើងឆេះផ្ទះនៅចំណុច កើតហេតុខាងលើ លោកបានដឹកនាំកម្លាំង ព្រមជាមួយនឹងរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចេញ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះ គឺបានត្រឹមតែទៅពន្លត់រងើកភ្លើង និងបាញ់ការពារកុំអោយភ្លើងឆេះរាលដាលទៅផ្ទះអ្នកជិតខាងតែប៉ុណ្ណោះ។ ពិព្រោះការទទួលបាននូវព័ត៌មានយឺត ពេកហើយផ្លូវមានចំងាយឆ្ងាយផង ។
លោកអធិការស្រុក បានប្រាប់អោយដឹងទៀតថា មូលហេតុដែលបណ្ដាលអោយមានអគ្គីភ័យកើតឡើង គឺបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងសូឡា ដែលដាក់នៅលើផ្ទះក្នុងបន្ទាប់ ហើយស្របពេលដែលស្ត្រីម្ចាស់ផ្ទះគាត់រវល់ទៅរកទិញម្ហូប នៅសល់តែកូន នៅឯដីខាងមុខផ្ទះ ។ នេះបើតាមព័ត៌មានដែលសមត្ថកិច្ចទទួលបានពីម្ចាស់ផ្ទះដែលមានឈ្មោះ ហុង វីរៈ មុខរបរនគរបាលព្រំដែនគោកវរៈ៧៩៣ ។
លោកអធិការបានបញ្ជាក់ថា ចំពោះសម្ភារៈខូចខាតរួមមាន៖ ផ្ទះមួយខ្នងទំហំ ៧x៩ម៉ែត្រ, ប្រាក់ដុល្លារ ២ពាន់ដុល្លារ,គ្រែចំនួន3, តុទឹកតែ ១, សូឡា២ឈុត,ទូរទស្សន៍មួយគ្រឿង,កាំភ្លើង១ដើម, គ្រាប់ចំនួន១២០ គ្រាប់,ម៉ាស៊ីនភ្លើងមួយ,ម៉ាស៊ីនបាញ់ខ្យល់មួយ,ទូរសព្ទ១គ្រឿង, កៅអី ៣០, តុបាយ២, វិទ្យុទាក់ទងមួយ រួមនិងរបស់ប្រើប្រាស់មួយចំនួនធំផ្សេងទៀត៕