អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយតាមបណ្តាញសង្គមថាករណីបុរសជនបរទេសដែលដួលសន្លប់បណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មី(កូរ៉ូណា)
ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ដែលបានដួលសន្លប់នៅព្រលានយន្ត អន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ខែកុម្ភៈពេលនេះបានដឹងខ្លួនឡើងវិញជាធម្មតាហើយ រួចបានប្រញាប់ប្រញាល់ទៅកាន់ព្រលានយន្តហោះម្ដងទៀតតែទោះជាយ៉ាងណាជនជាតិបរទេសរូបនោះត្រូវបានយន្តហោះចេញចោល នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច។
ជនរងគ្រោះជាជនជាតិបរទេសរូបនោះមានឈ្មោះ EBRAHIM MAHRAM ALI ABDO ជាជនជាតិយ៉េមែន (Yemen)ដែលបានដួលសន្លប់នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ និងនៅលើបណ្តាញសង្គម Facebook ហើយមានអ្នកសរសេរបង្ហោះបំភ្លៃ ថាជាអ្នកជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។ បន្ទាប់ពីមានការដួលសន្លប់ភ្លាមៗ ជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ហើយក៏បានដឹងខ្លួនឡើងវិញ។ ក្រោយដឹងខ្លួន ជនរងគ្រោះបានត្រឡប់ទៅព្រលានយន្តហោះ ម្ដងទៀតដើម្បីចាកចេញទៅប្រទេសម៉ាឡេស៊ី ប៉ុន្តែត្រូវយន្តហោះដែលរូបគេជិះ បានហោះចេញ ចោលបាត់ដោយមិនបានរង់ចាំនោះឡើយ។
បើយោងតាមប្រភពបានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិបរទេសរូបនោះ ត្រូវបានសមត្ថកិច្ច ណែនាំឱ្យទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែតមួយរយៈសិន ដើម្បីធានាកុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត នៅពេលធ្វើដំណើរ។
ជុំវិញករណីនេះ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ឱ្យដឹងថា បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យជនរងគ្រោះ ឃើញថា មិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណានោះទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់ជនរងគ្រោះអាចបណ្តាលមកពីខ្យល់គរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសច្រានចោលនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលថា ការដួលសន្លប់របស់ជនជាតិបរទេសរូបនេះបណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅកម្ពុជាករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាមានតែមួយករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី២៣ខែមករា ឆ្នាំ២០២០។ ប៉ុន្តែបន្ទាប់ពីព្យាបាលរួច ហើយពិនិត្យសំណាកជាថ្មី គឺជនបរទេសរូបនោះពុំមានឃើញមេរោគកូរ៉ូណាទៀតទេ៕