រដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជំនួយ១០លានដុល្លារបន្ថែមដល់កម្ពុជា សម្រាប់ការងារដោះមីន
លោក កុយ គួង បានបញ្ជាក់ថា «ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីវិស័យដោះមីន ដែលកន្លងមកអូស្ត្រាលី បានជួយដល់ការដោះមីនយើងច្រើន ចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ វិស័យមីន គឺអូស្ត្រាលីបានជួយជាច្រើន ហើយឆ្នាំនេះអូស្ត្រាលីនឹងផ្តល់ចំនួន ១០លានដុល្លារថែមទៀត ព្រោះលោកឯកអគ្គរដ្ឋទូតថា ធ្វើយ៉ាងណាឲ្យវិស័យដោះមីន សម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាល ដែលកំណត់ថាឆ្នាំ២០២៥ ឲ្យអស់គ្រាប់មីន»។
បើតាមអ្នកនាំពាក្យ ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរ ដល់លោកឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងក្រសួងការបរទេស នឹងត្រៀមសហការជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីជួយសម្រួលដល់បេសកកម្មការទូត របស់លោកប្រកបដោយជោគជ័យ មានន័យថា ឲ្យទំនាក់ទំនងកម្ពុជា និងអូស្ត្រាលី កាន់តែមានលក្ខណៈស៉ីជម្រៅ និងប្រសើរថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា រួមទាំងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ជូនប្រទេសកម្ពុជាផងដែរ។ ប្រមុខការទូតកម្ពុជា ក៏បានសម្តែងការរំលែកទុក្ខ ដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលកន្លងមកទទួលរងគ្រោះ ដោយភ្លើងឆេះព្រៃដ៏យូរអង្វែង ដែលបង្កឲ្យមានវិនាសកម្មយ៉ាងច្រើន។
លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងនូវសេចក្តីរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត មកធ្វើការនៅកម្ពុជា។ លោកបានអរគុណ ដល់លោក ប្រាក់ សុខុន ដែលបានចូលរួមរំលែកទុក្ខ ដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលទទួលរងគ្រោះដោយសារភ្លើងឆេះព្រៃនេះ។
«ជាងនេះទៅទៀត ឯកអគ្គរដ្ឋទូត បានរំលឹក និងអរគុណដល់ប្រជាជនកម្ពុជា ទាំងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី ក៏ដូចជាក្រុមអតីតនិស្សិត ដែលធ្លាប់រៀននៅអូស្ត្រាលី ក៏ដូចជាក្រុមយុវជនខ្មែរយើងនៅប្រទេសអូស្ត្រាលី ដែលបានរៃអង្គាសថវិកា ជួយសម្រាលដល់ផលវិបាក ដោយភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី»។ អ្នកនាំពាក្យក្រសួងការបរទេស គូសបញ្ជាក់បន្ថែម។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការរំលែកទុក្ខផងដែរ នៃការបាក់អគារកន្លងមកនេះ ដែលកើតនៅក្រុងព្រះសីហនុផង និងកើតនៅខេត្តកែបផង។ លោកបានលើកឡើងថា កន្លងមកលោកបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលលោកផ្តើមគំនិតឲ្យមានក្រមសុវត្ថិភាពផ្នែកសំណង់។
លោកឯកអគ្គរដ្ឋទូត ក៏បានផ្តើមឲ្យមានទស្សនកិច្ចសិក្សាទៅប្រទេសអូស្ត្រាលី ដោយយកមន្ត្រីក្រសួងពាក់ព័ន្ធ ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរខេត្តមួយចំនួន ឲ្យទៅធ្វើទស្សនកិច្ចសិក្សាចំនួន ៣សប្តាហ៍ ធ្វើយ៉ាងណាដើម្បីឲ្យការសាងសង់ នៅថ្ងៃអនាគតឲ្យមានគុណភាពបន្ថែមទៀត។
លោក កុយ គួង បានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពី កិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកាន់តែស៉ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ជាពិសេសខាងវិស័យពាណិជ្ជកម្ម។ ភាគីទាំងពីរ នឹងជំរុញឲ្យមានការផ្លាស់ប្តូរទំនាក់ទំនង រវាងមនុស្សនិងមនុស្ស មានទាំងវិស័យទេសចរណ៍ ដែលឯកអគ្គរដ្ឋទូតលើកឡើងថា ឆ្នាំកន្លងទៅអ្នកទេសចរអូស្ត្រាលី ដាក់សុំវីសាមកលេងកម្ពុជា ប្រមាណជា ២២ម៉ឺននាក់។ លោកអគ្គរដ្ឋទូត លើកឡើងទៀតថា ការផ្លាស់ប្តូរនិស្សិតអូស្ត្រាលី មករៀននៅកម្ពុជា រយៈពេលខ្លីពី ៣ខែ ទៅ៩ខែ មាន៥៥៣នាក់ នៅក្នុងឆ្នាំ២០២០នេះ។
«លោកឯកអគ្គរដ្ឋទូត បានលើកឡើងបន្តទៀតថា នៅឆ្នាំ២០២០នេះ និស្សិតកម្ពុជាយើងទៅចុះឈ្មោះរៀននៅអូស្ត្រាលី ទាំងនិស្សិតអាហារូបករណ៍ ទាំងបង់ថ្លៃ ប្រមាណ ៣ពាន់នាក់»។ នេះបើតាមអ្នកនាំពាក្យ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានឲ្យដឹងបន្តថា លោកឯកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍ទៅលើវិស័យដឹកជញ្ជូននៅកម្ពុជា ដែលវិស័យនេះលោកថា នឹងជំរុញអ្នកវិនិយោគអូស្ត្រាលី ឲ្យមកវិនិយោគលើវិស័យនេះ។ ទាក់ទងខាងវិស័យកសិកម្មវិញ ភាគីទាំងពីរក៏បានពិភាក្សា ដែលកន្លងមកអូស្ត្រាលី បានជួយវិស័យនេះថាធ្វើយ៉ាងណា ឲ្យប្រជាកសិករកម្ពុជាយើង បានបង្កបង្កើនផល បានច្រើនដងក្នុងមួយឆ្នាំ ក៏ដូចជាបង្កបង្កើនផលឲ្យបានផលច្រើន។
លោកឯកអគ្គរដ្ឋទូត គូសបញ្ជាក់ថា អូស្ត្រាលីនឹងបន្តផ្តល់ជំនួយ ដល់ប្រទេសកម្ពុជាយើង ក៏ប៉ុន្តែការផ្តល់ជំនួយលើកនេះ គឺអូស្ត្រាលីនឹងធ្វើការយ៉ាងជិតស្និត ជាមួយរាជរដ្ឋាភិបាលយើង មានន័យថា បើផ្តល់ជំនួយដល់វិស័យសុខាភិបាល អូស្ត្រាលីនឹងធ្វើការយ៉ាងជិតស្និត ជាមួយក្រសួងសុខាភិបាល បើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស នឹងធ្វើការរួមគ្នាយ៉ាងជិតស្និត ជាមួយក្រសួងអប់រំ។
បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូល ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំនេះ។ លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា អូស្ត្រាលីមានបំណងធ្វើការជិតស្និតជាមួយកម្ពុជា ជួយកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះផងដែរ៕