អាណិតណាស់! និស្សិតវិស្វករសំណង់ម្នាក់ត្រូវរថយន្តកុងទីន័រកិនបែកក្បាលស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ យុវជនជានិស្សិតវិស្វករសំណង់ម្នាក់ត្រូវបានរថយន្តកុងទីន័របើកកៀរនិងកិនបែកក្បាលស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ខណៈយុវជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ
ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងច្រកចូលផ្សារទួលពង្រ ស្តិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះមានឈ្មោះ ឆន រីណា ភេទប្រុសអាយុ២២ឆ្នាំមុខរបរនិស្សិតវិស្វករសំណង់ស៊ីវិល ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតស្រុកអង្គរបុរី ខេត្តតាកែវ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ឆ្នាំ ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CF-4750ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលពង្រ ទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-3581បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាបានបើកមកកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរួចកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះតៃកុងរថយន្តបង្កបានឈប់ទុករថយន្តចោលបើកទ្វារចុះរត់ខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។ ចំណែកសពយុវជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕