បន្ទាប់ពីមានឈ្មោះជាប់គុក ប៉ុន្តែដេកនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេទ្យរុស្ស៊ី ឧកញ៉ា គិត ធាង មេខ្លោងជួញដូរគ្រឿងញៀន និងជាម្ចាស់មជ្ឈមណ្ឌកម្សាន្ត រ៉ុក បង្ហាញមុខនៅក្នុងសវនាការអសាធារណៈ
(ភ្នំពេញ)៖ បន្ទាប់ពីបើកសាវនាការជាច្រើនលើកច្រើនសារនាពេលកន្លងទៅដោយគ្មានវត្តមាន ឧកញ៉ា គិត ធាង នោះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ តុលាការរាជធានីភ្នំពេញ អាចបញ្ជាឲ្យមន្ត្រីពន្ធនាគារនាំខ្លួនមេក្លោងជួញដូរគ្រឿងញៀន និងជាម្ចាស់មជ្ឈមណ្ឌលកម្សាន្ត រ៉ុក យកទៅឈនៅក្នុងរង្វង់ក្រចកសេះ ដើម្បីសួរចម្លើយបានហើយ។
ជនជាប់ចោទឈ្មោះ គិត ធាង មានងារជាឧកញ៉ា ដែលជាថៅកែជួញដូរគ្រឿងញៀនប្រចាំមជ្ឈមណ្ឌលកម្សាន្ត រ៉ុក ត្រូវបានមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ (PJ) នាំខ្លួនទៅកាន់សវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានដាក់ខ្នោះដៃដូចជនជាប់ចោទដទៃទៀតឡើយ។
ជនជាប់ចោទឈ្មោះ គិត ធាង មានងារជា ឧកញ៉ា ចូលក្នុងសវនាការក្នុងសម្លៀកបំពាក់ធម្មតា មិនដូចជនជាប់ចោទផ្សេងៗទេ ដោយពាក់អាវដាក់ក្នុងខោ (ទុយនុយ) ក្រវ៉ាត់ដោយខ្សែក្រវ៉ាត់មានតម្លៃ ជាមួយនឹងម៉ាសការពារមុខពីកាមេរ៉ា របស់អ្នកកាសែតយ៉ាងសមសួននឹងងារជាឧកញ៉ា។
សូមជម្រាបជូនថា សំណុំរឿង ជួញដូរគ្រឿងញៀនដ៏ធំ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក ដែលមានលោកឧកញ៉ាជាមេខ្លោង មានជនជាប់ចោទប្រមាណជិត ៣០នាក់ មានលោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក សុក កែវបណ្ឌិត ជាតំណាងអយ្យការ ដែលធ្វើឡើងដោយអសាធារណៈ ដោយតុលាការពុំអនុញ្ញាតឲ្យអ្នកមិនជាប់ពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ចូលស្តាប់នោះទេ ក្រោមហេតុផលថា សំណុំរឿងនេះ មានជនជាប់ចោទជាអនីតិជន។
គួរបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាប់ចោទ អតីត ឧកញ៉ា គិត ធាង កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីរកឃើញថា អតីតឧកញ៉ារូបនេះ គឺជាមេខ្លោងបើកឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមជ្ឈមណ្ឌល រ៉ុក (ROCK) អស់ជាច្រើនឆ្នាំមកហើយ។
ក្រោយពីតុលាការសម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្ន ឧកញ៉ា គិត ធាង បានសុំដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីរហូតមកដល់ពេលនេះ ហើយបើទោះជាមានការបើកសវនាការជំនុំជម្រះក្តីលើជនជាប់ចោទជាឧកញ៉ាថៅកែជួញដូរគ្រឿងញៀនរូបនេះក្តី គឺទើបតែថ្ងៃនេះទេ ដែលមានវត្តមានរបស់ជនជាប់ចោទរូបនេះ។
គួរកត់សម្គាល់ថា ចាប់តាំងពីពេលឃាត់ខ្លួន រហូតមិនដល់ពេលនេះ មហាជនមិនដែលបានឃើញរូបភាពឧកញ៉ា មេខ្លោងជួញដូរគ្រឿងញៀន គិត ធាង ត្រូវបានសមត្ថកិច្ចដាក់ខ្នោះ ធ្វើសន្និសីទកាសែត និងបណ្តើរចូលតុលាការ ឬពន្ធនាគារដូចជនជាប់ចោទផ្សេងទៀតនោះទេ ពោលគឺអ្នកណាក៏បានត្រឹមតែឮព័ត៌មានតៗគ្នាថា ឧកញ៉ា គិត ធាង ត្រូវចាប់ និងឃុំខ្លួន។
គួររម្លឹកថា កម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ បានចុះបង្ក្រាបទល្មើសជួញដូរគ្រឿងញៀននៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលនៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញគ្រឿងញៀនចំរុះសរុប ៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្សជិត១០០០នាក់៕