បាត់ម៉ូតូមួយសប្តាហ៍ប្រទះឃើញជនសង្ស័យ ៣នាក់ជិះតាមផ្លូវស្រែកចោរត្រូវបានប្រជាពលរដ្ឋជួយចាប់ប្រគល់ឱ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានប្រជាពលរដ្ឋរួមនឹងម្ចាស់ម៉ូតូចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ៣ខណៈពេលជិះម៉ូតូរបស់ជនរងគ្រោះនៅតាមផ្លូវហើយត្រូវបងប្អូនម្ចាស់ម៉ូតូប្រទះឃើញ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖ ទី១/ មានឈ្មោះ សយ ប៊ុនហួរ អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ - ទី២ / ឈ្មោះ ជឹម រ៉ូលែន អាយុ១៧ ឆ្នាំស្នាក់នៅភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ - ទី៣/ ឈ្មោះ ជា បញ្ញា អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ
ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ សៅណាក់អាយុ១៨ ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិបាគួរសង្កាត់ដង្កោខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិក្រពើទ្រោម សង្កាត់រលួសខណ្ឌដង្កោ។
បើតាមសម្ដីជនរងគ្រោះបានប្រាប់ឱ្យដឹងថាកាលពីនាថ្ងៃសៅរ៍ទី៨ខែកុម្ភៈឆ្នាំ រូបគេបានចេញពីផ្ទះ ទៅលេងផ្ទះមិត្តភក្កិនៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែជិះម៉ូតូមកដល់ពាក់កណ្តាលផ្លូវជួបជនសង្ស័យមានគ្នា៣ នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកបានមកធាក់និងវាយរូបគេរួចក៏លើកម៉ូតូរបស់គេជិះគេចខ្លួនបាត់ស្រម៉ោល។
ក្រោយមករូបគេក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចប់មុខសញ្ញាមកដល់ផ្ទន្ទាទោសតាមច្បាប់
លុះមកដល់ថ្ងៃទី ១៨ខែកុម្ភៈឆ្នាំ ២០២០ វេលាម៉ោង៣និង២០នាទីស្រាប់តែបងជីដូនមួយបានប្រទះឃើញជនសង្ស័យមានគ្នា៣ នាក់ជិះម៉ូតូរបស់ខ្លួនក៏បានស្រែកថាចោលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ យកមកសួរនាំនៅប៉ុស្តិ៍ បន្ទាប់ពីសាកសួររួចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ធ្វើកំណត់ហេតុប្រគល់ជនសង្ស័យឲ្យទៅនគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនិតិវិធីព្រោះករណីកើតឡើងនៅទឹកដីខណ្ឌដង្កោ៕