ថៃ ស្រីនាង ដែលឡាយលក់ផលិតផលស្លៀកពាក់ Sexy ហួសហេតុ បានធ្វើកិច្ចសន្យាទទួលកំហុស និង Live សុំទោសជាសាធារណៈ
* នាងខ្ញុំបាន Live លក់ផលិតផល និងសំលៀកបំពាក់លក់តាម On Line រយៈពេលកន្លងមក នាងខ្ញុំបានស្លៀកពាក់មានភាពស៊ីចស៊ី លិចលើខើចក្រោម ដែលធ្វើឲ្យប៉ះពាល់ដល់តំលៃ និងកិត្ដិយសរបស់ស្ដ្រីខ្មែរ វប្បធម៌ប្រពៃណីជាតិ និងច្បាប់ជាធរមាន
* នាងខ្ញុំសូមសន្យា ដកចេញនូវរាល់រូបភាពស៊ិចស៊ី អាក្រាត ក្នុង Page របស់នាងខ្ញុំផុតកន្លងមក។
* នាងខ្ញុំសូមសន្យាថាឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ នាងខ្ញុំសុខចិត្ដទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ។
ប្រតិបត្ដិការ និងចំណាត់ការរបស់អាជ្ញាធរយ៉ាងដូច្នេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្តចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោភផងដែរ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕