ប្រជាការពារខណ្ឌទួលគោកម្នាក់ត្រូវបុរសស្រវឹងស្រាជិះម៉ូតូបុករងរបួសធ្ងន់
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានបុរសម្នាក់ស្រវឹងស្រាជោគជិះម៉ូតូទៅបុកប្រជាជាការពារខណ្ឌម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៤៥ យប់ថ្ងៃទី ២៣ខែកុម្ភៈឆ្នាំ ២០២០ នៅចំណុចមុខទីស្តីការក្រសួងសុខាភិបាល តាមបណ្តោយផ្លូវ ២៨៩ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជន បង្កមានឈ្មោះ លីម សៃប៉ូ ភេទប្រុស មានកម្រិតជាតិអាកុលក្នុងខ្លួន០/៨៦ មីលីក្រាមក្នុង១លីត្រខ្យល់។
សមត្ថកិច្ចបានបន្តថា មុនកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានដាក់គោលដៅនៅចំណុចកើតហេតុខាងលើរហូតដល់ម៉ោងកើតហេតុរៀបនឹងបញ្ចប់ម៉ោងទៅហើយ ក៏ឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ1HA-4692ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនឆ្លងកាត់គោលដៅចរាចរណ៍មិនប្រយត្ន័ក៏ជ្រុលទៅបុកបុរសម្នាក់ជាប្រជាការពារខណ្ឌទួលគោកបើុងជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងនៅនិងកន្លែងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែកជនបង្ករងរបួសបែកមុខបែកមាត់ឈាមហូរស្រោចពេញខ្លួន។
ក្រោយកើតហេតុជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនវាស់ជាតិស្រវឹងរួចបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕