ជួយស៊ែ.តៗគ្នាផង! នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃពន្យល់ ពលរដ្ឋកម្ពុជាមួយចំនួនធំ ដែលបានទទួលការខលទូរស័ព្ទ ពីក្រៅប្រទេស
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ គេហទំព័រ និងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលការពន្យល់ បក ស្រាយសំនួរមួយ ចំនួន ពីក្រុមការងារ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ អំពីចម្ងល់របស់ប្រជាពលរដ្ឋ បញ្ហា Missed Call ពីក្រៅប្រទេស ។
នាយកដ្ឋានព័ត៌មានវិទ្យា ៖ បច្ចុប្បន្នយើងសង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំបានទទួលការខលទូរស័ព្ទ ពីក្រៅប្រទេស តួយ៉ាង ប្រទេសម៉ាឡាវី អាហ្វ្រិកនីហ្សេរីយ៉ា ប៉ាគីស្ថាន ឬ ប្រទេសរុស្សីជាដើម។
ទន្ទឹមនឹងគ្នានេះ ពលរដ្ឋហាក់មានចម្ងល់អំពីបញ្ហា Missed Call និងមានសំនួរមួយចំនួន ដូចខាងក្រោម ៖
– តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ?
– តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ?
– តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី?
ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការពន្យល់ដោយសង្ខេបដូចខាងក្រោម ៖
ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា “Callback Scam ឬហៅម្យ៉ាងទៀតថា One-Ring Scam”។
Callback Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះដោយប្រើប្រាស់សេវា ដែលហៅថា International Premium Rate Number (IPRN)។
ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ធ្វើការខលចេញពីក្រៅប្រទេស ទៅលើគោលដៅនានាជុំវិញពិភពលោក គោលដៅទាំងនោះក៏រួមមានពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។
តើអ្នកអាចបាត់បង់ប្រាក់ពីគណនីទូរស័ព្ទដោយរបៀបណា?
– ឧក្រិដ្ឋជនធ្វើការខលចូលលេខទូរស័ព្ទជនរងគ្រោះ ពីប្រទេសម៉ាឡាវី (+265) អាហ្វ្រិក (+27) នីហ្សេរីយ៉ា (+234) ប៉ាគីស្ថាន (+92) ឬ ប្រទេសរុស្សី (+7) ជាដើម។
– បន្ទាប់ពីខលចូល ពួកគេនឹងកាត់ផ្តាច់ការខលទូរស័ព្ទ ដែលបង្ហាញ Missed Call លើទូរស័ព្ទជនរងគ្រោះ។
– នៅពេលជនរងគ្រោះធ្វើការខលទូរស័ព្ទទៅវិញ តម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ ។
– ក្រុមឧក្រិដ្ឋជននឹងទទួលបានប្រាក់កម្រៃជើងសារ (Commission) ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ។
តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារពីការឆបោក (Callback ឬ One-Ring Scam)?
នៅពេលទទួលបានការខលទូរស័ព្ទពីក្រៅប្រទេស ប្រើប្រាស់នូវលេខទូរស័ព្ទដែលអ្នកពុំធ្លាប់ស្គាល់ សូមអនុវត្តវិធីសាស្ត្រដូចខាងក្រោម ៖
– ធ្វើការ Save លេខទូរស័ព្ទទុក នឹងព្យាយាមទាក់ទងតាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។
– ត្រូវជៀសវាងការខលទូរស័ព្ទត្រឡប់ទៅវិញ ព្រោះលេខនោះអាចជា IPRN។
– ប្រើប្រាស់កម្មវិធីសម្រាប់ទូរស័ព្ទដៃក្នុងការស្វែងរកប្រភពលេខទូរស័ព្ទ តួយ៉ាងកម្មវិធី TrueCaller។
– ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់អ្នក។
– ធ្វើការ Block លេខទូរស័ព្ទសង្ស័យ ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់ក្នុងទូរស័ព្ទដៃរបស់អ្នក៕