ប្រទះសពស្ដ្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង ក្នុងករណីគ្រោះអគ្គីភ័យនៅខណ្ឌឫស្សីកែវ ខណៈរបាយការណ៍របស់សមត្ថកិច្ចគ្មានអ្នកស្លាប់
ភ្នំពេញ៖ មានការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញសពស្ត្រីម្នាក់ឆេះស្លាប់យ៉ាងអាណោចអធម៌ក្នុងភ្នក់ភ្លើងនៅសល់តែឆ្អឹងក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើ ងកាលពីវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចអតីតផ្លូវរថភ្លើងចាស់ ក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ សន រដ្ឋា ភេទប្រុស មុខរបរ មន្រ្តីយោធា ប្រភេទសំណង់ឈើប្រក់សង័្កសី ទំហំ ៥ម៉ែត្រ គុណ២២ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះចំនួន ១៥ខ្នងផ្ទះទៀតផងដែរ ដែលនៅជាប់ៗគ្នា។
បើតាមប្រភពពីសាក្សីបានប្រាប់ឲ្យដឹងថា ដោយមានករណីគ្រោះអគ្គីភ័យនេះកើតឡើងគេឮសូរសម្លេងផ្ទុះយ៉ាងខ្លាំងរួចក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ រហូតរាលដាលដល់ផ្ទះជិតខាងតែម្ដង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា សពស្ដ្រីដែលស្លាប់នៅក្នុងភ្នក់ភ្លើងមានឈ្មោះ ស្រីមុំ អាយុ៣៥ឆ្នាំ ដោយគេស្គាល់ថា ជាអ្នករកសុីផ្លូវភេទ។
ប្រភពដដែលបានបន្ដថា បន្ទាប់ពីនគរបាលជំនាញបង្ការ និង ពន្លត់គ្រោះអគ្គិភ័យគ្រប់គ្រងស្ថានភាពបានជាស្ថាពរហើយនោះគ្មានអ្នកណាដឹងថា មានមនុស្សត្រូវបានស្លាប់នៅក្នុងភ្លើងនោះទេ សូម្បីតែរបាយការណ៍របស់សមត្ថកិច្ចក៏គ្មានដែរ ទើបនឹងរកឃើញសព ខណៈម្ចាស់ផ្ទះជួលរើសង្ក័សី ។
ក្នុងប្រតិបត្ដិការពន្លត់គ្រោះអគ្គីភ័យនគរបាលជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ៤៣គ្រឿងនិងប្រើប្រាស់អស់ទឹកសរុប ៤៣គ្រឿង ទើបអាចគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១០នឹង ៣០នាទីព្រឹកថ្ងៃដដែល ។
សូមជម្រាបថា អគ្គីភ័យធ្លាប់ឆាបឆេះផ្ទះប្រជាពលរដ្ឋក្បែផ្លូវរថភ្លើងម្ដងរួចមកហើយ ដោយសង់ពីឈើប្រក់ស័ង្កសី១៥ខ្នង ប្រមាណជា ១៦៥បន្ទប់ស្មើ១៦៥គ្រួសារ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនិងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់រហតូដល់ស្លាប់ ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ខែមករាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ៕