អ្នកស្លាប់កើនឡើងដល់១០នាក់ករណីសង្ស័យអ្នកភូមិពុលទឹកព្រែកនៅខេត្តក្រចេះ
ភ្នំពេញ៖ មន្ត្រីនាយកដ្ឋានកាំកុងបានយកសំណាកចំនួន ៥មុខ មកពិសោធន៍ បន្ទាប់ពីចំនួនអ្នកស្លាប់កើនឡើងដល់ទៅ១០នាក់នៅក្នុងករណីសង្ស័យថា ប្រជាពលរដ្ឋបានពុលទឹកព្រែក សូមបញ្ជាក់ថា៖ករណីនេះបានឡើងនៅភូមិស្រែនន ឃុំកន្តួត ស្រុកចិត្តបូរី ខេត្តក្រចេះ តាំងពីថ្ងៃទី៣ រហូតមកដល់ថ្ងៃទី៦ ខែឧសភាឆ្នាំ២០១៨នេះចំនួនអ្នកស្លាប់ឡើងដល់ទៅ១០នាក់និងជាង១០០នាក់ទៀតមិនស្រួលខ្លួនកំពុងតែសំរាកព្យាបាល នៅមន្ទីរពេទ្យ ។
មន្ត្រីនាយកដ្ឋានកាំកុងបានបញ្ជាក់ថាសំណាកចំនួន ៥មុខនោះ រួមមាន៖ ទឹក.ស្រាស.ស្រាលាយតាប៉ែ.បាយស្រានិងមេតំបែ ។
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ
ប្រជាពលរដ្ឋចំនួន១០នាក់បានស្លាប់ និងប្រមាណជិត១០០នាក់ ទៀតមានអាការៈមិនស្រួលដោយមន្ត្រីជំនាញបានសង្ស័យការប្រើប្រាស់ទឹកព្រែកដែលបានថ្នាំបាញ់ស្មៅរួចបានហូរចូលហើយពេលពលរដ្ឋយកទឹកមកផឹកក៏ពុលតែម្ដង ។ ករណីនេះកើតឡើង នៅចំណុចភូមិអាលច និងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា ក្រសួងបានចាត់ ចែងក្រុមការងារជំនាញចុះទៅធ្វើការស្រាវជ្រាវនៅ កន្លែងពុលទឹកនៅខេត្តក្រចេះ ដើម្បីស្វែងរកមូលហេតុនៃការពុលដែលបានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងមានអាការៈមិនស្រួលជាច្រើននាក់ ហើយក្រុមការងារបានចុះទៅដល់ទីតាំងកើតហេតុ និងកំពុងតែធ្វើការងារនេះ ពីព្រោះវាទាមទារពេលបន្តិចដើម្បីធ្វើការងារនេះ ៕