បញ្ចប់ការថតភ្លាម ចាន់ណា រ៉ូណាន ដាក់ក្តីរំពឹងខ្ពស់ លើរឿង”សំណើច៦៥២គីឡូម៉ែត្រ”
ក្រោយចំណាយពេលថត អស់រយៈពេលជាង២ខែមក ភាពយន្តសំណើចខ្នាតធំរឿងសំណើច៦៥២គីឡូម៉ែត្រ” បានបញ្ចប់ការផលិតរួចហើយ។ ផលិតករល្បីឈ្មោះលោក ចាន់
ណា រ៉ូណាន បានដាក់ក្តីរំពឹងខ្ពស់ថានឹងអាចទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជនមកលើភាពយន្តមានគុណភាពមួយនេះ។
ភាពយន្តរឿង”សំណើច៦៥២គីឡូម៉ែត្រ” របស់ផលិតកម្មក្រុងពិជ័យ បានចាប់ផ្តើមចេញផលិតចាប់តាំងពីចុងឆ្នាំ២០១៩ ដោយប្រមូលផ្តុំដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះ មានដូចជាអតីតFreshie Girl 2016 កញ្ញា សួង ស៊ីធឿន , Freshie Boy 2015 និងជាMr. World Cambodia 2019 លោក អ៊ូ សំខាន់, Mr. Asian International 2019 លោក ឡៅ បញ្ញា, Mister Global 2018 លោក ឌី វ៉ាន់ដា, Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៨ លោក ប៊ុន កែវប្រាថ្នា និង Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ ២០១៨ លោក តុងលី។ ក្រៅពីនេះក៏នឹងមានវត្តមានសម្តែងដោយ តារាសម្តែងល្បីៗជាច្រើនទៀតផងដែរដូចជា លោក ភី ម៉ៃ ,តារាកំប្លែង ផាង ផាង , អ្នកនាងលី ម៉ារីណាជាដើម។ ភាពយន្តនេះគ្រោងចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕ អ្នកនិពន្ធ និងដឹកនាំផលិត លោក ចាន់ណា រ៉ូណាន បានបញ្ជាក់ថា ភាពយន្តនេះបានផ្តិតយកទេសភាពនៃតំបន់ដ៏ស្រស់ត្រកាលមួយចំនួនដែលមានមនុស្សមិនច្រើនទេដែលបានទៅដល់មានដូចជាខេត្តមណ្ឌលគិរី ខេត្តកំពត ខេត្តកែប ខេត្តកែប ខេត្តកោះកុងជាដើម។ លោកបញ្ជាក់ថា ស្នាដៃថ្មីរបស់លោក នឹងអាចឈរក្នុងចំណាត់ថ្នាក់មួយខ្ពស់ គឺត្រៀមខ្លួនដើម្បីបំបែកកំណត់ត្រា អ្នកទស្សនាច្រើនជាងគេ ក្រោយពីភាពយន្តនេះត្រូវបានសម្រិតសម្រាំងគ្រប់ផ្នែកទាំងសាច់រឿង តួសម្តែង បច្ចេកទេសផលិត និងការតុបតែងប្លែក រួមទាំងការចាយទុនច្រើនដើម្បីប្រាកដថាជាភាពយន្តដែលមានគុណភាពខ្ពស់មួយ។ អគ្គនាយកផលិតកម្ម ក្រុងពិជ័យ រូបនេះនៅមិនទាន់កំណត់ការចាក់បញ្ចាំងនៅឡើយខណៈលោកលើកឡើងថា ដើម្បីឲ្យភាពយន្តមានគុណភាពលោកកំណត់ការផលិតត្រឹមតែ ២រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ។ លោកហាក់មិនបារម្ភខ្លាំងទៅលើថ្ងៃចាក់បញ្ចាំងទេខណៈកន្លងមកលោកធ្លាប់ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលតាមរយៈភាពយន្តខ្នាតធំមួយចំនួនរួចមកហើយមានដូចជា រឿង “កំណត់ហេតុនាងនាថ” រឿង”សរសរកន្លោង” រឿង”កុំងាកក្រោយ”ជាដើមនោះ៕