នគរបាលបញ្ជួនខ្លួនក្រុមអ្នកលួចដីលោក ភឺន ផល្លា លក់មកសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់
ភ្នំពេញ ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនអ្នកលួចលក់ដីលោក ភឺន ផល្លា ចំនួន៣នាក់ នៅភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពពីមន្ដ្រីនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធនឹងការឃុបឃិតគ្នាយកដីលោក ភឺន ផល្លា ទំហំជាង២ហិកតា លក់នៅភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបាននគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
សមត្ថកិច្ច បន្តថានៅរសៀលថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០នេះ ជនសង្ស័យទាំង៣នាក់ខាងលេីត្រូវបានបញ្ជួនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមច្បាប់ ។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលេីបានយកដីលោក ភឺន ផល្លា លក់ទៅអោយឈ្មោះ យស ម៉ាលីណា ដោយធ្វើតាមបញ្ជារបស់ឯកឧត្ដម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃម្នាក់ (សុំមិនបញ្ចេញឈ្មោះ)។
លោក ភឺន ផល្លា ជាម្ចាស់ដីបានសំណូមពរឲ្យតុលាការចាត់ការជនពាក់ព័ន្ធទាំងអស់តាមផ្លូវច្បាប់ និងសុំយកដីជាកម្មសិទ្ធិរបស់លោកទំហំជាង២ហិកតាត្រលប់មកវិញ។
ក្នុងរឿងនេះមានលោកជំទាវតំណាងរាស្ត្រម្នាក់នៅពីក្រោយខ្នងអ្នកទិញ។ ទោះបីដឹងថាខ្លួនទិញដីពីជនសង្ស័យហេីយក៏ដោយក៏មិនព្រមប្រគល់ដីអោយម្ចាស់គេវិញដែរ ថែមទាំងទៅធ្វេីរបងព័ទ្ធយកថែមទៀតផង។
គួរបញ្ជាក់ថា ៖ បន្ទាប់ពីបែកធ្លាយរឿងលួចលក់ដីទំហំជាង ២ ហិកតា របស់លោក ភឺន ផល្លា អាជ្ញាធរភូមិ សង្កាត់ បានប្រកាសលប់ចោលលិខិតផ្ទេរសិទ្ធិ ដែលក្រុមជនសង្ស័យលួចលក់អោយទៅឈ្មោះ យស ម៉ាលីណា វិញហើយ ។
ពេលនេះអ្នកលួចលក់ដីគេត្រូវសមត្ថកិច្ចចាប់ខ្លួន អ្នកនៅពីក្រោយខ្នងជនសង្ស័យក៏ស្គាល់ អ្នកទិញដីពីជនសង្ស័យក៏ស្គាល់ អ្នកនៅពីក្រោយខ្នងអ្នកទិញដីក៏ស្គាល់ តេីច្បាប់នឹងចាត់ការអ្នកពាក់ព័ន្ធបែបណា? ៕