មេធាវី លោក ឧកញ៉ា លាង ឃុន បដិសេធ ថាការស្លាប់របស់នារីឈ្មោះ ឃុន ស្រីស្រស់មិនជាប់ពាក់ពន្ធ័លោកឧកញ៉ានោះទេ ! វីដេអូ ដែលនាងបង្ហោះគឺបំណងគំរាមកំហែងទាប្រាក់តែប៉ុណ្ណោះ
ភ្នំពេញ៖ ក្រោយផ្ទុះរឿងរ៉ាវនារីវ័យក្មេងម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូ(វីឃែន)ជាន់ទី៥ កាលពីវេលាម៉ោងជាង២រំលងអាធ្រាតចូលថ្ងៃ១១ខែមិនាឆ្នាំ២០២០នៅចំណុច ផ្ទះលេខ៨៧ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ស្លាប់យ៉ាងអាណោចអធម៌ ខណៈដែលមុនស្លាប់នាងបានបង្ហោះវីដេអូ រៀបរាប់ពាក់ពន្ធ័និងលោកឧកញ៉ាម្នាក់ផ្អើលពេញបណ្ដាញសង្គម ពេលនេះមេធាវីការពារសិទ្ធិអោយលោកឧកញ៉ា លាង ឃុន បានចេញសេចក្ដីប្រកាសព័ត៌មាន ថាការស្លាប់របស់នារីរងគ្រោះមិនជាប់ពាក់ពន្ធ័និងលោកឧកញ៉ា លាង ឃុន នោះទេ! នេះបើយោងតាមលិខិតបំភ្លឺព័ត៌មានខ្ញុំមេធាវី ម៉ៃ វណ្ណាឌី សហជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ ៥៩៩ ជាមេធាវី ការពារសិទ្ធិ និង តំណាងអោយឧកញ៉ា លាង ឃុន សូមធ្វើនូវសេចក្ដីបំភ្លឺព័ត៏មាន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
ដោយសារតែមានបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនបានបន្តធ្វើការចែករំលែកនូវ ព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ ហើយជាការផ្សព្វផ្សាយដែលបណ្ដាលអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រុមគ្រួសារ និងក្រុមហ៊ុនយើងខ្ញុំ ពាក់ពន្ធ័ និងករណីធ្វើអត្តឃាតរបស់នារីឈ្មោះ ឃុន ស្រីស្រស់ (ឬSri Nka ឈ្មោះ គណនីហ្វេសប៊ុក)ដែលបានកើតឡើងកាលពីថ្ងៃទី១១ខែមិនាឆ្នាំ២០២០ យើងខ្ញុំសូមធ្វើការបកស្រាយបំភ្លឺដែលមានខ្លឹមសារ និងមូលដ្ឋានដូចតទៅ៖
១-ការស្លាប់របស់នារីឈ្មោះ ឃុន ស្រីស្រស់ដែលបានធ្វើការចោទប្រកាន់មកលើលោក ឧកញ៉ា លាង ឃុន នោះត្រូវបានបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ចតាមរយៈការធ្វើកោសល្យវិច័យថា នារីរូបនោះ គឺជាការធ្វើអត្តឃាតយ៉ាងពិតប្រាកដ។
២-ករណីនេះ បានកើតមានឡើងកាលពីអំឡុងខែមករាឆ្នាំ២០២០ម្ដងរួចមកហើយ ហើយពួកយើងក៏បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចពីករណីបរិហាបង្កាច់កេរ្តិ៍ និងគំរាមកំហែងដោយមានលក្ខខណ្ឌទាមទារប្រាក់ដែលបានប្រព្រឹត្តឡើងជាច្រើនលើកច្រើនសារដោយនារីឈ្មោះ ឃុន ស្រីស្រស់ ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដំណើរការតាមនិតិវិធីច្បាប់ដើម្បីដោះស្រាយបញ្ហានេះដោយមានការចូលរួមពីមេធាវី តំណាងលោកឧកញ៉ាសារមុីខ្លួនឈ្មោះ ឃុន ស្រីស្រស់ និងក្រុមគ្រួសារបងប្អូនរបស់នាងផងដែរ ។
៣-ក្រោយពីបានដោះស្រាយជាមួយ នារីឈ្មោះ ឃុន ស្រីស្រស់ និងបានស្រាវជ្រាវរកឃើញការពិតសមត្ថកិច្ចក៏បានរៀបចំនូវភស្តុតាងជាវីដេអូ ឃ្លីប ដែលនារីរូបនោះបានសារភាពកំហុស និងធ្វើការសុំការអភ័យទោស នៅចំពោះមុខសមត្ថកិច្ច និងចំពោះលោកឧកញ៉ា។ដោយមានការអាណិតអាសូរ និងមិនចង់អោយមានបញ្ហាវែងឆ្ងាយ លោកឧកញ៉ា បានសម្រេចចិត្តមិនដេញដោលរឿងនេះតទៅមុខទៀតទេ ហើយគិតថាបញ្ហានេះត្រូវបានដោះស្រាយចប់សព្វគ្រប់រួចទៅហើយ។
៤-រហូតមកដល់ថ្ងៃទី១១ខែមិនាឆ្នាំ២០២០ក្រោយពេលដែលនារីឈ្មោះ ឃុន ស្រីស្រស់បានបង្ហោះសារ និងធ្វើអត្តឃាតបានសម្រេចរួចមក ស្រាប់តែមានលេខឡើងនូវការចោទប្រកាន់នេះសារជាថ្មី តាមរយៈបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនដោយមានភ្ជាប់នូវវីដេអូឃ្លីបរបស់នារីរូបនោះ និងរូបភាពមួយចំនួន ដែលជាឯកសារនៅក្នុងសំណុំរឿងចាស់ ហើយត្រូវបាននារីឃុន ស្រីស្រស់ ខ្លួនឯងបដិសេធថា ជាការមូលបង្កាច់ គំរាមកំហែងដើម្បីទាមទាប្រាក់ពីលោកឧកញ៉ា(ភស្តុតាងជាវីដេអូដើម្បបញ្ជាក់)។
៥-តាមរយៈសេចក្ដីបំភ្លឺនេះ រួមជាមួយនិងភស្តុតាងយ៉ាងជាក់ច្បាស់ដែលយើងបានបង្ហាញ រួមជាមួយនិងការបញ្ជាក់អំពីអាជ្ញាធរមានសមត្ថកិច្ចផងនោះយើងខ្ញុំសង្ឃឹមថា សាធារណៈជននិងបានជ្រាបអំពីការពិត ដែលបានកើតមានឡើងជុំវញបញ្ហានេះ។
៦-យើងខ្ញុំគោរពនូវរាល់សិទ្ធិក្នុងការបញ្ចេញមតិក៏ដូចជាការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាជុំវិញករណីនេះ ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ ជៀសវាងរាល់ការបន្តផ្សព្វផ្សាយ ព័ត៌មានទាំងឡាយដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយបណ្ដាលអោយប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ដែលនេះគឺជាបទល្មើសព្រហ្មទណ្ឌដែលអាចត្រូវបានផ្ដន្ទាទោសតាមច្បាប់។
៧-ជាចុងក្រោយនេះ យើងខ្ញុំសូមចូលរួមសម្ដែងការសោកស្ដាយចំពោះការបាត់បង់នេះ ក៏ដូចជាចូលរួមចែករំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារទាំងមូលនៃសព ដោយសេចក្ដីសោស្ដាយជាទីបំផុត៕