ក្រសួងសុខាភិបាលបញ្ជាក់ថា រកឃើញអ្នកផ្ទុក Covid-19 ពីរនាក់បន្ថែមទៀត
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាដែលចេញផ្សាយនៅយប់ថ្ងៃទី១៣ ខែមីនា នេះឲ្យដឹងថា នៅរសៀលថ្ងៃនេះ គេបានរកឃើញមនុស្ស២នាក់បន្ថែមទៀតនៅរាជធានីភ្នំពេញ មានវិជ្ជមានវីរុស Covid-19 ។
តាមការបញ្ជាក់របស់ក្រសួងថា ករណីវិជ្ជមានវីរុស Covid-19 ចំនួន២ករណីថ្មីទៀតនៅភ្នំពេញនេះ គឺមិនមានពាក់ព័ន្ធទៅនឹងនាវា Wiking Cruse Journey នៅខេត្តកំពង់ចាមនោះទេ។ ករណី២ថ្មីនេះគឺរកឃើញ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ ដោយលទ្ធផលបានចេញនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។
យ៉ាងណា ក្រោយការរកឃើញនេះ បុរស វិជ្ជមាន Covid-19 ទាំងពីរនាក់នេះ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក ទាំងពីរនាក់នោះ៕