អាជ្ញាធរមានសមត្ថកិច្ចខណ្ឌបឹងកេងកងហាក់នៅតែបន្តបើកភ្លើងខៀវឲ្យទីតាំងណេតបង្កប់ហ្គេមបាញ់ត្រី យីហោ(105)ដំណើរការដូចជាមិនខ្វល់និងបទបញ្ជារបស់ថ្នាក់លើ
ភ្នំពេញ៖ ទីតាំងណេត យីហោ(105)មួយកន្លែងបង្កប់ហ្គេមបាញ់ត្រី កំពុងបើកទទួលក្រុមញៀនល្បែងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ចំណែកលោកអភិបាល និងអធិការ សង្ងំឈឹង ហាក់បីដូចមិនខ្វល់អំពីបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ រាជធានីភ្នំពេញ ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អុិនធឺណេតបង្កប់ហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនោះគឺស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ក្នុងសង្កាត់ បឹងកេងកងទី២ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងអ៊ិនធឺណេតយីហោ(105បង្កប់ហ្គេមបាញ់ត្រី ខាងលើ កំពុងរងចាំមើល ចំណាត់ការរបស់លោក ធឹម សំអាន អភិបាល បឹងកេងកង និងលោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងមួយនេះដែរឬទេ? ។ ព្រោះល្បែងស៊ីសងគឺជាដើមចម នាំឲ្យកើតមាននូវអំពើចោរកម្ម។
សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអះអាងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ទៅល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន ដំណើរការតទៅទៀតឡើយ!
ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្តបើកទៀតនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ! មហាជនរងចាំមើលអាជ្ញាធរខណ្ឌបឹងកេងកង និងមានវិធានការយ៉ាងណាចំពោះ ទីតាំងណេតបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី មួយកន្លែងយី (105) នៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដែលកំពុងបើកទទួលក្រុមអ្នកញៀនល្បែងយ៉ាងអាណាធិបតេយ្យ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោម អធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី លោកអភិបាលរងរាជធានី លោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានី លោកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ លោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។
គួររំលឹកថាក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការ បង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទគ្រឿងស្រវឹងនិងគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពញ ! តែ អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌបឹងកេងកង ហាក់នៅតែបន្តបើកភ្លើងខៀវ ឲ្យមានទីតាំងល្បែងសុីសង ដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ ៕