សម្ដេចក្រឡាហោម ស ខេង៖ រយៈពេល ៥ថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរវិលពីថៃចូលកម្ពុជា ជាង៤ម៉ឺននាក់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បានក្ដាប់ចំនួនប្រជាពលរដ្ឋវិលពីប្រទេសថៃទៅដល់ស្រុកកំណើតមានប្រមាណជាង ៤ម៉ឺននាក់។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ ពេលអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីជួបសំណេះសំណាលនេះបានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការក្ដាប់វត្តមានរបស់ប្រជាពលរដ្ឋដែលទើបត្រឡប់ចូលពីប្រទេសថៃ មានសារៈសំខាន់ណាស់ ដូច្នេះអភិបាលរាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ឃោសនាអប់រំផ្សព្វផ្សាយនៅចំណុចក្ដៅៗនៃ ការឆ្លងជំងឺ Covid-19 ដល់ប្រជាពលរដ្ឋពិសេសការនៅជួបជុំគ្នា ដ្បិតបើតាមភាគីវៀតណាមចែករំលែកបទពិសោធមកនោះ គឺពលរដ្ឋវៀតណាម្នាក់ដែលមកពីវូហានបានចម្លងអ្នកភូមិ ៥នាក់ឯណោះ។
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការអាជ្ញាធរ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យទាំងអស់ និងបណ្ដារាជធានី-ខេត្ត បន្តខិតខំបំពេញភារកិច្ច ពិសេសនៅក្នុងស្ថានភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ឱ្យមានប្រសិទ្ធភាពខ្ពស់៕