ណេត គ្មានយីហោបង្កប់ល្បែងសុីសងកំពុងបើកដំណើរការយ៉ាងរលួននៅ សង្កាត់បឹងត្របែកខណ្ឌចំការមនអាជ្ញាធរហាក់សំងំស្ងៀម
ភ្នំពេញ៖ ទីតាំងណេត បង្កប់ល្បែងសុីសងគ្មានយីហោមួយកន្លែង កំពុងបើកទទួលស្វាគមន៍ ភ្ញៀវទាំងយប់ទាំងថ្ងៃយ៉ាងរលូន ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបឡើយ ហាក់បីដូចជាមិនខ្វល់និងបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ រាជធានីភ្នំពេញ ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អុិនធឺណេតបង្កប់សុីសងខុសច្បាប់មួយកន្លែងនោះគឺស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៩កែងនិងផ្លូវ៤៧៤សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។
សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអះអាងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ទៅល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន ដំណើរការតទៅទៀតឡើយ!
ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្តបើកទៀតនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ! មហាជនរងចាំមើលអាជ្ញាធរខណ្ឌចំការមន និងមានវិធានការយ៉ាងណាចំពោះ ទីតាំងណេត បង្កល្បែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៩កែង៤៧៤ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន ដែលកំពុងបើកយ៉ាងអាណាធិបតេយ្យមួយនេះ។ ព្រោះល្បែងសុីសងជាដើមចមដែលនាំអោយកើតមាននូវអំពើចោរកម្ម លួច,ឆក់,ប្លន់នៅក្នុងសង្គម។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោម អធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី លោកអភិបាលរងរាជធានី លោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានី លោកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ លោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។
គួររំលឹកថាក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការ បង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទគ្រឿងស្រវឹងនិងគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពញ ! តែ អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌចំការមន ហាក់នៅតែបន្តបើកភ្លើងខៀវឲ្យមានទីតាំងអុីធឺណេត ដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ ៕