អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យនគរបាលជំនាញចុះឃាត់ខ្លួន និងដកហូតឧបករណ៍ធ្វើតេស្តរកជម្ងឺ Covid-19
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បានចេញបទបញ្ជាទៅកាន់នាយកដ្ឋានជំនាញ ឲ្យសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី–ខេត្តដើម្បីចុះស្រាវជ្រាវឃាត់ខ្លួនអ្នកផ្សព្វផ្សាយលក់ និងដកហូតឧបករណ៍ធ្វើតេស្តរកជម្ងឺ Covid-19 លើបណ្តាញសង្គមនានា ។
ការចេញបទបញ្ជានេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា បន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រឆាំងការរីករាលដាលកូវីដ–១៩ ។
ពាក់ព័ន្ធនឹងករណីឧបករណ៍ធ្វើតេស្តរកជម្ងឺ Covid-19 ខាងក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យប្រើ ឬផ្សព្វផ្សាយលក់ដូរឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីត១៩ ជាមធ្យោបាយក្នុងការរកវីរុសកូវីត១៩ ដោយខ្លួនឯងឲ្យសោះ ។
បច្ចុប្បន្ន មានការផលិតឧបករណ៍ធ្វើតេស្តរហ័សរកវីរុស កូវីត ១៩ ជាច្រើនមកហើយ ក៏ប៉ុន្តែរហូតមកទល់ពេលនេះនៅតែមិនទាន់មានឧបករណ៍ណាអាចធ្វើតេស្តរកឃើញវីរុសកូវីត ១៩ ប្រភេទណាមួយ ដែលត្រូវបានបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក នូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សរកវីរុសកូវី១៩ នេះនៅឡើយទេ ។
ក្រសួងសុខាភិបាល ក៏បានព្រមានផងដែរថា ជនណាដែលយកឧបករណ៍ធ្វើតេស្តរហ័សវីរុសកូវីត១៩ មកធ្វើការផ្សព្វផ្សាយដើម្បីលក់ដូរសាធារណៈ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕