នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួននគរបាលដែលបាញ់រះឲ្យពលរដ្ឋ ភ័យខ្លាចកាលពីយប់មិញបានហើយ
ភ្នំពេញ ៖ ជនសង្ស័យជាមន្ត្រីនគរបាលម្នាក់ដែលជាអ្នកអនុវត្តច្បាប់ បែជាមានចរិកធូថ្លៃ បានបង្កការបាញ់បោះសេរី ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច នោះពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានហើយ។
ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនសង្ស័យម្នាក់ជាមន្ត្រីនគរបាលក្រុងដែលមានឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ បានបង្កការបាញ់បោះ យ៉ាងអណាធិបតេយ្យ កណ្ដាលក្រុងភ្នំពេញ កាលពីវេលាម៉ោង១០និ១០នាទីយប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២០ នៅម្តុំផ្លូវរថភ្លើង អតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវសមត្ថកិច្ច ចាប់ខ្លួនកសាងសំណុំរឿងចាត់ការតាមនិតិវិធីហើយ។ នេះបើយោងតាមផេក Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានី ។
បើតាមប្រភពបានបង្ហើបថា៖ ជនសង្ស័យឈ្មោះ គង់ សុភាព មានឋានៈ អនុប្រធានការិយាល័យ នាមសំងាត់ ត្រីកោណ ០៦នៃអង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។
សូមរំលឹកថា មានជនស៊ីវិលមួយក្រុម ជិះរថយន្ដ៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង បានបាញ់រះជាច្រើនគ្រាប់ បង្កឱ្យមានការ ភ្ញាក់ផ្អើលនិងភ័យខ្លាច ដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង១០នាទីយប់ ទី២៩ ខែមីនា ឆ្នាំ២០២០ នៅចំណុច ផ្លូវរថភ្លើងកែងផ្លូវ R6 ទីតាំងសំបុកគ្រឿងញៀន យ៉ាងអាណាធិបតេយ្យរាល់ថ្ងៃ ស្ថិតក្នុសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់មកក្រុមទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។
តាមសម្ដីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថាគេឃើញមាន រថយន្តចំនួន៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង ស្លៀកពាក់ស៊ីវិល បានចុះមកដល់ ចំណុចកើតហេតុរួចបាញ់ជាច្រើនគ្រាប់ ធ្វើឲ្យពលរដ្ឋមានការភិតភ័យនាំគ្នារត់ប្រសេចប្រសាច បិទទ្វារផ្ទះ និងមាននារីម្នាក់បានស្លុតរហូតដល់សន្លប់ តែត្រូវបងប្អូនប្រជាពលរដ្ឋនៅទីនោះយកប្រេកូឡាលាបទើបដឹងខ្លួនវិញ។ ភ្លាមៗប្រជាពលរដ្ឋមិនហ៊ានសន្និដ្ឋានថាក្រុមនោះ ជាកម្លាំងសមត្ថកិច្ចឬយ៉ាងណានោះទេ ព្រោះមិនមានឯកសណ្ឋានជាសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាល របស់អធិការ ខណ្ឌដូនពេញ និងនគរបាលប៉ុស្តិ៍ស្រះចក បានចុះដល់កន្លែងកើតហេតុ សួរនាំពត៌មានពីប្រជាពលរដ្ឋ និងបានប្រមូលសំបកគ្រាប់ ដើម្បីធ្វើកំណត់ហេតុ ។
ប្រជាពលរដ្ឋគាំទ្រចំពោះសមត្ថកិច្ច ដែលធ្វើការស្រាវជ្រាវទាន់ពេលវេលាឈានដល់ការចាប់ឃាត់ខ្លួន ជនបង្កបាញ់បោះសេរី តែមហាជនរងចាំមើលថា តើលោកមន្ត្រីនគរបាល រូបនេះនិងមានទោសទាន់កំរិតណា? ឬគ្រាន់តែពិន័យហើយដោះលែងវិញ ៕