អាណិតណាស់! បុរសពីរនាក់បងប្អូនថ្លៃជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវរថយន្តពាក់ស្លាកលេខភ្នំពេញ2BA-9111បុកស្លាប់ប្អូនឯបងថ្លៃរងរបួសធ្ងន់
ភ្នំពេញ ៖ អាសូរ! បុរសពីរនាក់ ត្រូវជាបងប្អូនថ្លៃនិងគ្នា បានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវបំណងទៅផ្ទះបង តែជាអកុសលត្រូវរថយន្តមួយគ្រឿងបេីកមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់នៅនិងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥៨P ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ ប៉ែន សាលី ភេទប្រុស អាយុជាង៣០ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំផ្សារហេងលី ក្នុងខណ្ឌទួលគោក មានស្រុកកំណើតស្រុកមោងឫស្សីខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ត្រូវជាបងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុប្អូនបង្កើតនិងប្អូនថ្លៃរបស់គាត់ទាំងពីរនាក់បានមកលេងគាត់នៅម្ដុំក្បែរកន្លែងកើតហេតុតាំងពីក្បាលព្រលប់ លុះដល់ម៉ោងកើតហេតុពួកគេក៏បាននាំចេញទៅផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FF-0399 ដើម្បីទៅកន្លែងស្នាក់នៅវិញខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាក ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA-9111 ធ្វើដំណើរតាមបណ្តោយផ្លូវ58P ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ មិនប្រយត្ន័ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងនិងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ដោយឡែករថយន្តបង្កបានបើករត់គេចបាត់ស្រមោល ដាច់ស្លាកលេខជ្រុះនៅនឹងកន្លែងកើតហេតុផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិ វិញ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ។
ស្របពេលនោះដែរ គ្រួសារសព ជនរងគ្រោះសូមអំពាវនាវឲ្យអាសមត្ថកិច្ច ជួយចាប់រថយន្តបង្ក មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផង ព្រោះរថយន្តបង្កបន្ទាប់ពីបុកហើយបើករត់គេចបាត់ និងបានបន្សល់ស្លាកលេខនៅកន្លែងកើតហេតុផងដែរ៕