បុរសម្នាក់ស្រវឹងស្រាជោគចុះស្រង់ចកក្នុងទឹកស្រះវត្តលង់ស្លាប់
កណ្ដាល៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបានចុះស្រង់ចកក្នុងទឹកស្រះវត្ត បណ្ដាលឲ្យលង់ស្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៤រសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ នៅចំណុចស្រះសីមា វត្តម៉ែបាន ភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សពបុរសរងគ្រោះមានឈ្មោះ រុន ឌីណា ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មានប្រពន្ធឈ្មោះ កើ មុំ អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានកូន០២ នាក់ប្រុស ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោគលុះដល់វេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះមកស្រង់ចកសំអាត ចេញពីក្នុងស្រះដូចរាល់ថ្ងៃ ។ ឃើញដូចនោះប្រពន្ធ បានឃាត់ដែរតែជនរងគ្រោះមិនបានស្តាប់នោះទេនៅ តែជិះម៉ូតូចេញពីផ្ទះមកដដែល ។ លុះដល់វេលាម៉ោង ១២និង០០នាទីថ្ងៃដដែលឈ្មោះ អ៊ុំ គន្ធា ដែលជាជាងគំនូរ នៅវត្តម៉ែបាន មិនឃើញជនរងគ្រោះដោយឃើញតែម៉ូតូស្បែកជើងមួកនិងខោអាវនៅមាត់ស្រះ។
ដោយមានការសង្ស័យថាជនរងគ្រោះលង់ទឹក ក៏បានទៅប្រាប់ប្រពន្ធជនរងគ្រោះ ភ្លាមនោះប្រពន្ធ រួមជា មួយឪពុកជនរងគ្រោះនិងព្រះសង្ឃ បានចុះទៅក្នុងស្រះជួយរាវរករហូតដល់វេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃដដែលទើបរកឃើញ ។ ហើយបាន រាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកពិនិត្យបានចុះមកធ្វើកំណត់ហេតុនិងកោសល្យវិច្ឆ័យ បានបញ្ជាក់ ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតមែន រួចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕