មហាជនឆ្ងល់ថាហេតុអ្វីនគរបាលខណ្ឌពោធិ៍សែនជ័យ បណ្តោយឲ្យជនដៃដល់ ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ រត់គេចខ្លួនបានបើជាបទល្មើសជាក់ស្តែង រួចទើបប្រកាសចាប់ខ្លួន
ភ្នំពេញ៖បន្ទាប់ពីបែកធ្លាយ វីដេអូ ល្បីគគ្រើកពេញបណ្តាញសង្គមហ្វេសប៊ុក និងផ្ទុះការខឹងសម្បា រិះគន់យ៉ាងខ្លាំង ទៅលើបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗថា((ចង់ប្តឹងទៅប្តឹងចុះ))ដែលបង្ហាញពីភាពក្រអឺតក្រទម យ៉ាងខ្លាំងចាត់ទុកអ្នកក្រមិនស្មើរនិងបាតជើងរបស់ខ្លួន។
សកម្មភាពដ៏ឃោគឃៅនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទោះបីយ៉ាងណា បណ្តឹងផ្លូវការក៏ត្រូវបានស្ត្រីរងគ្រោះប្តឹងចូលប៉ុស្តិ៍ចោមចៅ៣ រួចរាល់ហើយ និងបានទាសំណងជំងឺចិត្តចំនួន៥០០០ដុល្លារ ខណៈជនបង្ក ត្រូវបានអាជ្ញាធរ អះអាងថា បានរត់គេចខ្លួនបាត់ទៅហើយ ។
បើក្រឡេកមើលសកម្មភាពល្មើសគឺបានកើតឡើងនៅរសៀលប៉ុណ្ណោះ គប្បីសមត្ថកិច្ចអាចចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ មិនគួរណាបណាបណ្តោយអោយជនដៃដល់ រត់គេចខ្លួនបែបនេះសោះ ដែលប្រជាពលរដ្ឋបានរិះគន់ពីសមត្ថភាពរបស់លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ។
ទន្ទឹមនេះ ក្រោយមានការផ្ទុះរឿងកាន់តែខ្លាំងក្លាឡើង គេឃើញលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បង្ហោះសារមួយអោយត្រូវចិត្តប្រជាពលរដ្ឋ ដោយលោកនិយាយថា “ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសមត្ថកិច្ចកិច្ចទាំងអស់តាមចាប់ជនបង្កហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់”។
មហាជនមួយចំនួន បានពោលថា “គោបាត់ទើបធ្វើរបង ជនដៃដល់រត់គេចខ្លួនបាត់ ទើបប្រកាសចាប់ខ្លួនតាមក្រោយ”៕