មន្ត្រីនគរបាលដែលបាញ់អតីតប្រពន្ធស្លាប់ និង កូនស្រីរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់បានហើយ
(ភ្នំពេញ)៖ អតីតប្តីជាមន្រ្តីនគរបាលខណ្ឌ សែនសុខ ដែលបាញ់ច្រឡំត្រូវអតីតប្រពន្ធរបស់ខ្លួនស្លាប់ និងកូនស្រីរបួសធ្ងន់ ពេលកំពុងជិះរថយន្តជាមួយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ហើយនៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នាស្រុកកៀនស្វាយ ខេត្តកណ្តាល ជនដៃដល់ជាខ្មាន់កាំភ្លើងរូបនោះ បានគេចខ្លួនពីការតាមចាប់ ទៅទីនោះ។
កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បានស្រាវជ្រាវតាមចាប់បុរសអតីតជាប្តីរបស់ស្រ្តីជនរងគ្រោះ(ស្លាប់) ដោយប្រើប្រាស់ពេលវេលាប្រមាណជាង២ម៉ោង ។ ជនដៃដល់ត្រូវបានគេស្គាល់ថាឈ្មោះ ជា ចាន់បូរ៉ា ជា នគរបាលខណ្ឌសែនសុខ។
បើតាមស្រ្តីម្នាក់ជាបងស្រីរបស់ជនដៃដល់បានថ្លែងឲ្យដឹងថា ជនដៃដល់មានកំហឹងយូរហើយជាមួយបុរសនោះ ដោយធ្លាប់និយាយថាប្រសិនបើលះលែង ជាមួយគាត់ហើយ ទៅយកបុរសម្នាក់នោះ គឺគាត់នឹងតាមបាញ់សម្លាប់ហើយ។ ចុងបញ្ចប់ថ្ងៃនេះប្អូនរបស់គាត់ ដែលជាមន្រ្តីនគរបាលខណ្ឌសែនសុខ តាមដានឃើញអតីតប្រពន្ធ និងកូនស្រី ជិះរថយន្តជាមួយបុរសនោះ បានប៉ុនប៉ងបាញ់សម្លាប់បុរសនោះ ប៉ុន្តែបែរជាត្រូវប្រពន្ធ និងកូនស្រីខ្លួនឯងទៅវិញ។ ក្រោយពីបាញ់សម្លាប់ហើយ គាត់បានរត់ គេចខ្លួនផ្ទះរបស់បងស្រីរបស់ខ្លួននៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមជម្រាបថា ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវអតីតស្វាមីដែលជាមន្ត្រីនគរបាល បាញ់សំដៅរថយន្តកំពុងជិះដឹកគ្នាជាមួយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីវេលាម៉ោង ៨និង ១០នាទីយប់ ថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០២០ ៕