នគរបាលបញ្ជួនខ្លួនលោក សុវណ្ណ រិទ្ធីនាយក TVFB ទៅតុលាការ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មាន TVFB ត្រូវបានកម្លាំង នគរ បាល បញ្ជួនខ្លួនទៅកាន់សាលាដំបូង រាជ ធានី ភ្នំពេញដេីម្បីបន្តនីតិវិធីច្បាប់ ពាក់ ពន្ធ័ករណី បង្ហោះពត៌មានញុះញង់បង្កឲ្យមាន ភាពវឹកវរដល់សន្តិសុខសង្គម ។
សូមរំលឹកថា លោក សុវណ្ណ រិទ្ធី ត្រូវកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង ០០ នាទីយប់ ថ្ងៃទី០៧ខែមេសាឆ្នាំ២០២០ នៅ ចំនុចផ្ទះលេខ១០ (ការិយាល័យអង្គភាព សារព័ត៌មាន ធីវីអេហ្វប៊ី ញ៉ូស ២៤ម៉ (TVFB News 24h)) ផ្លូវលេខ២៨៩ ភូមិបូរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា តាមការបំភ្លឺ និងសារភាពដោយផ្អែកលើ ចម្លើយបំភ្លឺរបស់ឈ្មោះ អែល ស្រីនាង ភេទស្រី អាយុ ២២ឆ្នាំ ជាបុគ្គលិករបស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី និងផ្អែកលើការទទួលស្គាល់ភស្តុតាងវីដេអូឃ្លីបរយៈពេល៦នាទី៥៤វិនាទី និងសារជាអក្សរដែលបានបង្ហោះ ផ្សព្វផ្សាយលើផេក ហ្វេសបុក របស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី។ ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី ពិតជាបានប្រព្រឹត្តអំពើញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ៕