Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សម្តេចតេជោ ហ៊ុនសែន កែសម្រួលការដាក់កំហិតក្នុងការធ្វើចរាចរណ៍ក្នុងស្រុក

ភ្នំពេញ ៖ យោងលើស្ថានភាពភូមិសាស្ត្រ និង តម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទាងគ្នាប្រចាំថ្ងៃខកខានមិនបានរបស់មន្ត្រីរាជការសាធារណៈ និយោជក កម្មករ-និយោជិតនិងប្រជាជនពលរដ្ឋទូទៅ រាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដែលមានចែងក្នុងបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដូចខាង ក្រោម៖

១-ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ ។

២-លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ។
ទទួលបានសេចក្តីសម្រេចនេះ គ្រប់ក្រសួង-ស្ថាប័ន និងអជ្ញាធរដែលមានសមត្ថកិច្ចពាក់ ព័ន្ធត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឲ្យមាន ប្រសិទ្ធភាពខ្ពស់ ៕