Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! តៃកុងរថយន្តដឹកដី​ម្នាក់លូនជួស​ជុលរថយន្ត​ ត្រូវ​ អេស្កាវទ័រ​ កាយរណ្ដៅដីក្រុមហ៊ុនសៀងហៃ​ រុញរថយន្តកិនស្លាប់គួរ​ឲ្យសង្វេក

កណ្តាល៖ អាសូរណាស់បុរសម្នាក់ដែលជាតៃកុងរថយន្តដឹកដីបានស្លាប់យ៉ាងអាណោចអធម៌ខណៈដែររថយន្តខូច ហើយបានលូនជួសជុលក្រោមរថយន្តតែត្រូវបានតៃកុង អេស្កាវទ័រ កាយដីរបស់រណ្ដៅដីក្រុមហ៊ុនសៀងហៃ ធ្វេសប្រហែស បានបើកអេស្កាវទ័រមករុញរថយន្តបណ្ដាលអោយរថយន្តកិនបុរសជាតៃកុងរថយន្តដឹកដី ស្លាប់នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម

ហេតុការណ៍គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចរណ្ដៅដីរបស់ក្រុមហ៊ុន(សៀងហៃ) ស្ថិតក្នុងភូមិ រោងគោ ឃុំទ្រាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

បើតាមការអោយដឹងពីប្អូនរបស់ថ្លៃជនរងគ្រោះ បានប្រាប់អោយដឹងថា៖នៅពេលកើតហេតុវេលាម៉ោង០៦និង៣០នាទីព្រឹកជនរងគ្រោះឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំមានស្រុកកំណើតភូមិ តាប៉ាវបំពេញតេះ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បានបើករថយន្តម៉ាក SCANIAប្រភេទបែន ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ3A-1698

មកយកអាចម៍ដី នៅក្នុងរណ្ដៅដី នៅកន្លែងកើតហេតុខណៈនោះរថយន្តរងគ្រោះបានថយមកជិតអេស្កាវទ័រដើម្បីដាក់ដីចូលប៉ុន្តែរថយន្តបានរលត់ (ខូច) ជនរងគ្រោះ បានប្រាប់ទៅតៃកុងអេស្កាវទ័រអោយជួយរុញឡើងតែដោយចាំតៃកុងជួយរុញយូរ ជនរង គ្រោះ បានចូលក្រោមរថយន្តដើម្បីជួសជុល

ប្រភពបានបន្តថាខណៈជនរងគ្រោះកំពង់ជួសជុលនោះ តៃកុងអេស្កាវទ័របានស៉ីផ្លេរ អោយដំណឹងទៅជនរងគ្រោះដឹងដោយស្មានថា ជនរងគ្រោះនៅក្នុងរថយន្ត ស្រាប់តែតៃកុងអេស្កាវទ័ររុញរថយន្តរបស់ជនរងគ្រោះពីក្រោយដោយមិនបានដឹងថា ជនរងគ្រោះកំពុងតែនៅក្រោមរថយន្តទើបបណ្ដាលអោយកិនជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ប្រភពដដែលបានបន្តទៀតថាបន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកអេស្កាវទ័របានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងរថយន្តកម្លាំងជំនាញបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕