សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩ ទោះបីរកមិនឃើញអ្នកកើតថ្មីក៏ដោយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ឃើញថា ការចរាចរណ៍របស់ប្រជាពលរដ្ឋហាក់មានកំណើនឡើងវិញហើយនៅតាមដងវិថី បន្ទាប់ពីរយៈពេលប្រមាណ១២ថ្ងៃចុងក្រោយនេះ រកមិនឃើញមានអ្នកកើតជំងឺកូវីដ-១៩នោះ។
តាមរយៈទំព័រ Facebook នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ កុំឱ្យមើលស្រាលចំពោះស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ ហើយត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្ន។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ–១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួន អ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន។ ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ–១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ គឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ»។
នាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពេលចេញក្រៅផ្ទះ ឬទៅទីប្រជុំជនផ្សេងៗ ត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗថាកម្ពុជាមិនអីទេនោះ។
សម្តេចតេជោ ក៏បានក្រើនរំលឹកផងដែរថា បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅកន្លែងមានមនុស្សច្រេីន លើកលែងតែមានករណីចាំបាច់។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវយកការព្រួយបារម្ភ និងភ័យខ្លាចនេះ ទៅជាការប្រុងប្រយ័ត្នខ្ពស់រាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាព និងអាយុវជីវិតរស់នៅបានយូរអង្វែង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមេសា មានរយៈពេល១២ថ្ងៃហើយ ដែលកម្ពុជារកមិនឃើញមានអ្នកកើតជំងឺកូវីដ-១៩ថ្មីនោះឡើយ។ គិតមកដល់ត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១២២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១១០នាក់ ហើយនៅសល់តែ ១២នាក់ទៀតប៉ុណ្ណោះ។
បើទោះបីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា មិនមានសភាពស្រួចស្រាវយ៉ាងណាក្តី តែមន្ត្រីជំនាញក្រសួងសុខាភិបាលកម្ពុជា នៅតែទទូចឱ្យមានការប្រុងប្រយ័ត្ន ដោយមិនអាចមើលស្រាលចំពោះការរីករាលដាលនៃជំងឺនេះឡើយ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានរំលឹកថា ដរាបណាមិនទាន់មានថ្នាំវ៉ាក់សាំងការពារមេរោគទេនោះ គេមិនអាចនិយាយថា ជំងឺកូវីដ-១៩រលាយបាត់នោះឡើយ៕