Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ខ្មាន់កាំភ្លើងបាញ់បុរសម្នាក់ចេញពីផ្ទះណេតបង្កប់ល្បែងស៊ីសង ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅស្រុកជុំគិរី ខេត្តកំពត

(ខេត្តកំពត)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាខ្មាន់កាំភ្លើងដែលបាញ់ប្រហារបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ពេលចេញពីផ្ទះណេតបង្កប់ល្បែងស៊ីសង នៅផ្លូវលេខ៥១ ទល់មុខផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង៣:១៥នាទីទៀបភ្លឹឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ ត្រូវបានកម្លាំងនគរបាលតាមឃាត់ខ្លួនបានហើយនៅស្រុកជុំគិរី ខេត្តកំពត ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ខ្មាន់កាំភ្លើងរូបនេះត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ពេលរូបគេកំពុងរត់គេចខ្លួន នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ក្នុងស្រុកជុំគិរី ខេត្តកំពត។
លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះ លោកបានបញ្ជាកម្លាំងរបស់អធិការក្រុង ស្រុកទាំង៨ របស់ខេត្តកំពត បើកស្រាវជ្រាវភ្លាមៗ ដោយសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រហូតតាមចាប់ខ្លួនបាននៅថ្ងៃនេះតែម្ដង។ បើតាមលោកស្នងការ បច្ចុប្បន្នជនដៃដល់ កម្លាំងនគរបាលរបស់លោក កំពុងរៀបចំឯកសារដើម្បីប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានឲ្យដឹងដែរថា ខ្មាន់កាំភ្លើងដែលកម្លាំងនគរបាលតាមចាប់ខ្លួនបាន ឈ្មោះ កែ រ័ត្នវិជ្ជា ជាអ្នកធ្វើសកម្មភាពផ្ទាល់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់។យ៉ាងណាមិញ ប្រភពព័ត៌មានផ្សេងទៀត បានបង្ហើបថា ខ្មា ន់កាំភ្លើងខាងលើនេះ គឺជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
សូមជម្រាបថា បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម បានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរចេញពីផ្ទះណេតបង្កប់ល្បែងស៊ីសង ទល់មុខផ្សារសូរិយាម៉ល ផ្លូវ៥១(ប៉ាស្ទ័រ)សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ជាមួយជនសង្ស័យមានគ្នា០៣នាក់ មួយសន្ទុះក្រោយមកមិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ ស្រាប់តែពួកគេបានវាយគ្នាទៅវិញទៅមកជាមួយ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះចំនួន០២គ្រាប់ផ្ទួនៗបណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមកដឹកភ្លាមៗផងដែរ៕