សង្ស័យស្រវឹងខ្លាំងបើករថយន្តស៊េរីទំនើបបុកបង្កាន់ដៃស្ពានខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ នារីម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តឡង់គ្រីះស័រ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាស៧មករា រងការខូចខាតយ៉ាងដំណំ ៖ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទី យប់ថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចគល់ស្ពាន អាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
នារីវ័យក្មេង ដែលបើករថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីះស័រ ពណ៌ខ្មៅគ្មានស្លាកលេខ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តបង្កម៉ាកឡង់គ្រីះស័រ ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធ រុស្សុី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមកស្ដាប់ដៃ ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាស ៧មករា ពេញទំហឹង បណ្តាលឲ្យរងការខូចខាតបង្កាន់ដៃស្ពានបន្តិចបន្តួច ចំណែកឯរថយន្តវិញបានរងការខូចខាតផ្នែកខាងមុខបែកធុងទឹក បែកប្រេងម៉ាស៊ីនហូរតាមផ្លូវ រថយន្តបាន ព្យាយាមបើករត់បានចំងាយប្រហែល ១០០ម៉ែត្រមកឈប់នៅការ៉ាស់សាំងសូគីម៉ិច ដោយសារតែរថយន្តមានផ្សែងហុយចេញពីក្នុងម៉ាស៊ីនហើយអ្នកបើកបរខ្លាចឆេះក៏ឈប់រថយន្ត សំណាងល្អដែលមិនបង្កអោយមានអ្នករងរបួស ខូចខាតតែរថយន្ត ប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កព្រមទាំងស្រីស្អាតជាអ្នកបើករថយន្តនោះទៅស្នងការ នគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕