ផ្ទុះគ្រាប់B40ស្លាប់ម្នាក់និង០៣នាក់ទៀតរងរបួសធ្ងន់-ស្រាល
បាត់ដំបង៖ អាសូរ ! យុវជនម្នាក់យកគ្រាប់(B40)ទៅដំលេងបណ្ដាលផ្ទុះត្រូវស្លាប់គួរឲ្យរន្ធត់ និង៣នាក់ទៀតរងរបួសធ្ងន់-ស្រាល
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០២០ នៅចំនុចអូរជ្រៅ ភូមិថ្មី ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
បើតាមរបាយការណ៍របស់ នគរបាលស្រុកសំឡូតបានឲ្យដឹងថា នៅព្រឹកថ្ងៃកេីតហេតុមានប្រជាពលរដ្ឋមួយក្រុមដែលពួកគាត់រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ បានធ្វេីដំណេីរចូលក្នុងព្រៃចំណុចភូមិសាស្រ្តកើតហេតុខាងលេីដេីម្បីរកដកផ្សិតប៉ក់ ទៅលក់ដើម្បីចិញ្ចឹមជីវិត។ លុះពេលចូលដល់ក្នុងព្រៃស្រាប់តែយុវជនម្នាក់ឈ្មោះ លុច លីណេ អាយុ១៥ឆ្នាំ ប្រទះឃេីញគ្រាប់មិនទាន់ផ្ទុះប្រភេទB40មួយគ្រាប់ដែលសេសសល់ពីសម័យសង្រ្គាម ពេលនោះជនរងគ្រោះបានយកទៅដំលែងនៅលេីគល់ឈេីនៅក្បែរនោះ ខណៈពេលកំពុងដំក៏ផ្ទុះលាន់គគ្រើកដីបណ្តាលឲ្យត្រូវយុវជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ រីឯអ្នកនៅក្បែរចំនួន០៣នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។
រួមមាន៖ ១-ឈ្មោះ ស្រីពេជ្រ ភេទ ស្រីអាយុ ១៦ឆ្នាំ(របួសធ្ងន់លើផ្ទៃមុខ)។
២-ឈ្មោះ ពិន ដាវុធ ភេទប្រុសអាយុ ២៥ឆ្នាំ (របួសធ្ងន់ដាច់ដៃស្តាំត្រឹមកែងដៃ)
៣-ឈ្មោះ នី ប៊ុនណាត ភេទ ប្រុសអាយុ ១៤ឆ្នាំ (របួសស្រាល ដាច់ចុងច្រមុះបន្តិច)។
ជនរងគ្រោះដែលត្រូវរបួសបាននាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ លុច លីណេ អាយុ១៥ឆ្នាំ ។
លោកវរសេនីយ៍ឯក អ៊ុក សារិន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០បានឲ្យដឹងថា ទីកន្លែងដែលមានករណីផ្ទុះគ្រាប់ខាងលេីនេះស្ថិតនៅចម្ងាយប្រមាណ០៨ គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាលព្រំដែនពាមតា ចំណុះវរសេនាតូចលេខ៣១០ លោកបន្តថាជាទូទៅក្នុងភូមិសាស្រ្តនេះមានប្រជាពលរដ្ឋលោកចេញ ចូល ប្រកបរបរចិញ្ចឹមជីវិតដោយការបេះផ្លែឈេីព្រៃ ឬដកផ្សិតជាដេីម។ ដោយសារភូមិសាស្រ្តនេះអតីតជាសមរភូមិប្រយុទ្ធពីសម័យសង្រ្គាមសំណល់ជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមាននៅរាយប៉ាយច្រេីនទាំងនៅលេីដី និងបង្កប់ក្នុងជម្រៅដី ហេីយយូរៗម្តងករណីគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌនេះពិតជាបាន កេីតឡេីងនិងបង្កឲ្យមានមហន្តរាយដល់អាយុជិវិតមនុស្សឬពិការភាពផងដែរ៕